លោក ហេង រតនា បើកវគ្គបំប៉នរំលឹកជំនាញខាងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជូនមន្ត្រី២៣០នាក់ ត្រៀមដោះមីនក្នុងខេត្ត៤
18-10-2016 16:25
(កំពង់ឆ្នាំង)៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី១៨ ខែតុលានេះ បានចុះបើវគ្គបំប៉ន និងរំលឹកជំនាញខាងគ្រាប់មិនទាន់ផ្ទុះ សម្រាប់ប្រតិបត្តិការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តចំនួន៤ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ដែលមានកម្លាំងចល័តជាង ២៣០នាក់។
វគ្គបំប៉ននេះ ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង។
លោក ហេង រតនា បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា «កំលាំងប្រតិបតិ្តការនេះ គាំទ្រជំនួយដោយសហរដ្ឋអាមេរិក តាមរយៈអង្គការ NPA មានថវិកា ប្រមាណ១លាន៩សែនដុល្លារសហរដ្ឋអាមេរិក។ គំរោងនេះមានរយៈពេល១២ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិចិ្ឆកាឆ្នាំ២០១៦ ដល់ខែតុលាឆ្នាំ២០១៧»៕