(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានសំណូមពរអាជ្ញាធរគ្រប់មូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺគ្មានក្មេងទំនើង គ្មានគ្រឿងញៀនរួមគ្នា គោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាព នៅក្នុងមូលដ្ឋាន។

ការសំណូមពរបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវចាក់កៅស៊ូអាសេ (AC) ចំនួន៤ខ្សែ នៅក្នុងភូមិទី៥សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួម ពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ថ្នាក់ដឹកនាំខេត្ត-ក្រុង និងលោកចៅសង្កាត់ទាំង៤ រួមទាំងមន្ត្រីរាជការសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមសរុបជាង៣០០នាក់ នាព្រឹកថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៥។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ការជួសជុលផ្លូវចាក់កៅស៊ូអាសេ (AC) ៤ខ្សែមានប្រវែងជិត២,៥០០ម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំងថ្ងៃនេះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិតជាមានមោទនភាពណាស់ និងក៏ជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ។ ការអភិវឌ្ឍបានបែបនេះ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងដោយមានប្រមុខរាជរដ្ឋាភិបាលដ៏ល្អគិតគូរអំពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា យុទ្ធសាស្ត្របញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាល បានផ្ដោតសំខាន់លើចំណុច៤ ដែលមិនអាចខ្វះបាន និងត្រូវគិតគូរជាចម្បង គឺធនធានមនុស្ស, ផ្លូវ, ទឹក, និងភ្លើង, ចំណុចទាំង៤នេះ គឺដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់មូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺគ្មានក្មេងទំនើង គ្មានគ្រឿងញៀនរួមគ្នា គោរពច្បាប់ចរាចរណ៍ និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាពនៅក្នុងមូលដ្ឋាន។ ចំណុចនេះ ក៏ទាមទារដល់អាណាព្យាបាល ដែលជាឪពុកម្ដាយត្រូវ តែយកចិត្តទុកដាក់តាមដាន និងអប់រំកូនចៅខ្លួនឱ្យក្លាយជាពលរដ្ឋល្អមានប្រយោជន៍នៅក្នុងសង្គមជាតិ។

លោក នៃ ចារី អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឡើងអានរបាយការណ៍ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ បានធ្វើពិធីបើកការដ្ឋាន ជួសជុលផ្លូវអ៊ុតចាក់កៅស៊ូអាសេ (AC) ចំនួន៤ខ្សែ ដែលមានប្រវែងសរុប២៤៣៥ម៉ែត្រ ទទឹង៦ម៉ែត្រ នៅក្នុងសង្កាត់ខ្សាម៣ខ្សែ និងនៅក្នុងសង្កាត់ប្អេរ១ខ្សែ ក្នុងក្រុងកំពង់ឆ្នាំង។ ការជួសជុលផ្លូវនេះ បានចាប់ផ្ដើមកសាងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តទាំងស្រុង៕