(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានចាត់ទុកទីអារាមជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងយុវជនក្រីក្រ ព្រមទាំងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាក្នុងពេលដែលចាស់ទៅអាចត្រូវការសុំសីល និងក៏ជាទីកន្លែងសម្រាប់ពលរដ្ឋមានជីវភាពខ្វះខាតមកស្នាក់នៅផងដែរ។ 

លោកបន្តថា កុមារនិងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាមបួសរៀនសូត្រ ឯមួយចំនួនទៀតក៏បានមកស្នាក់នៅដើម្បីបានបន្តការសិក្សា។

ការថ្លែងចាត់ទុកបែបនេះរបស់លោកអភិបាលខេត្តព្រៃវែង ខណៈដែលលោក និងលោកស្រី ជុន បូរ៉ានី បានចូលរួមបុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តជរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។

លោក សួន សុម៉ាលីន បានបន្តថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណងាយស្រួលជូនដល់ប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលដ៏ថ្លៃថ្លានេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្តតាំងពីជំនាន់មុនមក រួមជាមួយនឹងអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីខេត្តផ្សេងៗ។ សមិទ្ធផលនានាក្នុងវត្តនេះគឺកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលជាមហាពុទ្ធសាសនិក ដែលតែងតែចូលរួមចំណែក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ 

លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្តាល បានឲ្យដឹងថា នៅក្នុងវត្តដរានិគមន៍ ហៅវត្តតាគ្រាប ដែលប្រារព្ធបុណ្យឆ្លងនាពេលនេះ មាន៖
១-ខ្លោងទ្វារចំនួន១
២-ចាក់សាបក្នុងបរិវេណវត្ត
-សាងសង់សាលាធម្មសភា១ខ្នង ទំហំ១០គុណនឹង១៥ម៉ែត្រ
៤-ជួសជុលនិងកែលម្អព្រះវិហារ ដែលចំណាយថវិកាអស់ចំនួន ២២២,១៣៧,៥០0រៀល។ ក្នុងឱកាសនោះ លោកអភិបាលខេត្តនិងលោកស្រីក៏បានប្រគេនបច្ច័យសម្រាប់ទុក្ខតម្កល់កសាងនៅក្នុងវត្តនោះចំនួន២០លានផងដែរ៕