(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ ប្រទេសកម្ពុជា- វៀតណាម នឹងបើកកិច្ចសន្ទនាស្ដីពី «នយោបាយការពារជាតិ» ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិលើកទី២ របស់ប្រទេសទាំងពីរ នៅទីក្រុងហាណូយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែតុលា។
គណៈប្រតិភូការពារជាតិកម្ពុជា ដែលនឹងទៅចូលរួមក្នុងកិច្ចពិភាក្សានេះ នឹងដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងមន្រ្តីជាប់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចសន្ទនាទ្វេភាគី ថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិលើកទី២នេះ គឺជាកិច្ចសន្ទនាដែលនឹងត្រូវបន្តពីរប្រៀបវារៈនៃកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៥កន្លងមក ហើយដែលនឹងពិភាក្សាបើកទូលាយអំពីទស្សនសភាពការណ៍ជាតិ-អន្តជាតិ ពាក់ព័ន្ធនយោបាយការពារជាតិ ក្នុងស្មារតីនៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិលើវីស័យនយោបាយការពារជាតិ នៃប្រទេសកម្ពុជា-វៀតណាម ក៏ដូចជាគោលដៅ នៃការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើវិស័យ ដែលបានចែងនៅក្នុងពិធីស្ដីពីកិច្ចសហប្រតិបត្តិ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការយោធពលខេមរភូមិន្ទ ។
សូមជម្រាបថា កិច្ចសន្ទនាទ្វេភាគីស្ដីពីនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី២នេះ នឹងត្រូវបានផ្លាស់ប្ដូរនូវបទពិសោធន៍ដើម្បីផលប្រយោជន៍ទៅវិញទៅមក លើវិស័យនយោបាយការពារជាតិនៃប្រទេសទាំងពីព្រមទាំងសំណូមពរ និងលើកទិសដៅនៃកិច្ចសហប្រតិបត្តិការដែលត្រូវបន្តអនុវត្តនាពេលខាងមុខ ឆ្លើយតបទៅនឹងពិធីសារ និងផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានដាក់ចេញរួចទៅហើយនោះ៕