(ឧត្តរមានជ័យ)៖ កម្ពុជា-ថៃ នឹងបើកបន្ថែមម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃ។
ការប្រកាសបន្ថែមម៉ោងឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិជាំ បានធ្វើឡើងក្នុងឱកាសដែលលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ដឹកនាំប្រតិភូចូលរួមក្នុងពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃឆ្លងឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មី២០២៥ រវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
លោក មាន ចាន់យ៉ាដា បានថ្លែងថា ការជំរុញការការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការបន្ថែមម៉ោងបិទបើកច្រកទ្វារព្រំដែនអន្តរជាតិជាំរវាងខេត្តឧត្តរមានជ័យ និងខេត្តស៉ីសាកេត ប្រទេសថៃ គឺក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់រវាងប្រជាពលរដ្ឋនៃប្រទេសទាំង២ ក៏ដូចជាការដឹកជញ្ជូនទំនិញ ការពិនិត្យសុខភាពជាដើម។
អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិជាំក្នុងស្រុកអន្លង់វែង គឺបើកដំណើរការឱ្យប្រជាពលរដ្ឋចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែកាលពីមុនច្រកនេះគឺបិទមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងកាត់ត្រឹមម៉ោង៨យប់ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ គឺបិទមិនឱ្យឆ្លងកាត់រហូតដល់ម៉ោង១០យប់។
សូមបញ្ជាក់ថា នាឱកាសពិធីនេះលោកអភិបាលខេត្តនៃប្រទេសទាំង២ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធឈរជើងនៅតាមព្រំដែនបានជូនវត្ថុអនុស្សាវរីយ៍ដល់គ្នា ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ និងរាប់បាត្រព្រះសង្ឃរួមគ្នាដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕
/>