(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យធ្លាយពោះវៀន ចេញមកក្រៅ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៤៖៤៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក ចាន់ រដ្ឋា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាហត្ថក្រុង បានឲ្យដឹង នៅរសៀលថ្ងៃទី១៨ ខែតុលា នេះថា យោងតាមពាក្យបណ្ដឹងលេខ៣៧ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់ឈ្មោះវឿន ភឿន ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្អូនស្រីជីដូនមួយ របស់ជនរងគ្រោះឈ្មោះ ឆែ ឈិន អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានមកប្ដឹង ជនសង្ស័យមានឈ្មោះ សុ ង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ។
នៅចំពោះមុខកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះមែន ព្រោះរូបគេបានផឹកស៊ីជាមួយគ្នា ហើយមានជម្លោះពាក្យសម្ដី ធ្វើឲ្យរូបគេខឹងយ៉ាងខ្លាំង ទើបយកកាំបិតចុងស្រួច មកចាក់លើជនរងគ្រោះតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕