(កំពង់ធំ)៖ លោក អ៊ុត សំអន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី ងួន ឆេងនីម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងចំនួន ១១១គ្រួសារ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

កម្មវិធីនេះមានការចូលរួមពីលោក លោកស្រី ក្រុមប្រតិបត្តិសាខាអនុសាខាប្រធានអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងយុវជនស្ម័គ្រចិត្តផងដែរ។

លោក ខៀវ ប៉ាង ប្រធានអនុសាខាស្រុកប្រាសាទសំបូរ បាន បានរាយការណ៍ថា កន្លងមកនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលដល់ការងារបង្កបង្កើនផលធ្វើឲ្យទិន្នន័យស្រូវរដូវវស្សាថយចុះ រដូវប្រាំងខ្វះទឹក បង្កបង្កើនផលបានធ្វើឲ្យប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងកំឡុងខែតុលា និងដើមខែវិច្ឆិកា ពិសេសគ្រួសារចាស់ជរា គ្រួសារមេម៉ាយមានកូនច្រើនក្នុងបន្ទុកគ្រួសារគ្មានទីពឹង។

គ្រួសារដែលត្រូវចែកជូននៅពេលនេះមានចំនួន១១១ គ្រួសារមកពី៤ឃុំ គឺឃុំឈូកមាន២៩គ្រួសារ ឃុំគោលមាន៣៣គ្រួសារ ឃុំតាំងក្រសៅមាន៣១ គ្រួសារ និងឃុំសំបូរមាន១៨គ្រួសារ។ លោក អ៊ុត សំអន បានផ្តាំផ្ញើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្ថិភាពជៀសវាងគ្រោះមហន្តរាយធម្មជាតិ ដូចជា រន្ទះបាញ់ ខ្យល់កន្រ្តាក់រលំដើមឈើ រលំផ្ទះជាដើម ក្នុងនោះដែរ។

លោកបានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយប្រជាពលរដ្ឋជួបបញ្ហារងគ្រោះ លោកបានលើកឡើង ទីណាមានការ លំបាកទីនោះមានកាកបាទក្រហមជានិច្ច ថ្វីត្បិតតែអំណោយទាំងអស់នេះបន្តិចបន្តួចមែន តែនេះជាការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ។ អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ ៕