(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងប្រារព្ធថ្ងៃទី៧ មករា ខួប៤៦ឆ្នាំនៃការរំដោះប្រទេសកម្ពុជា និងជីវិតប្រជាជនខ្មែរ ចេញរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបកាប់សម្លាប់ខ្មែរគ្នាឯងរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩។ Fresh Exclusive មានអត្ថបទស៊ីជម្រៅក្រោមប្រធានបទ «សម្តេចតេជោ ប្តេជ្ញាការពារថ្ងៃ៧ មករា៖ យើងហ៊ានធ្វើសង្គ្រាម ដើម្បីការពារថ្ងៃ៧មករា»...

៤៦ឆ្នាំមុននេះ នៅពេលដែលជីវិតប្រជាជនខ្មែរជាច្រើនលាននាក់ដែលអស់សង្ឃឹម និងខ្លះរង់ចាំតែសេចក្តីស្លាប់ឈានមកដល់នោះ ស្រាប់តែត្រូវបានរស់ឡើងក្រោមការជួយរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានជួយរំដោះប្រទេសកម្ពុជា ឱ្យចេញរូចផុតពីអំពើធ្វើបាប និងពីការកាប់សម្លាប់រង្គាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា ជារបបដឹកនាំខ្មែរក្រហមប៉ុលពត។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩នោះហើយ គឺជាថ្ងៃចាប់ផ្តើមបញ្ចប់នូវភាពដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយបើគ្មានទិវា៧មករានោះទេ កម្ពុជាក៏មិនមែនជាប្រទេស ដែលមានជីវិតស្រស់បំព្រងដូចបច្ចុប្បន្ននេះឡើយ។

• តើមានអ្វីខ្លះកើតឡើង នៅមុនថ្ងៃ៧ មករា ឆ្នាំ១៩៧៩មកដល់?

របបខ្មែរក្រហមដែលគ្រប់គ្រងរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ បានបង្ហាញនូវភាពកាចសាហាវក្នុងការគ្រប់គ្រងដោយភាពផ្តាច់ការនិងក្នុងរជ្ជកាល ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ របបដ៏ឃោរឃៅបានធ្វើឱ្យមានមនុស្សស្លាប់អស់ជាង៣លាននាក់។ គ្រួសារខ្មែរបានព្រាត់ប្រាស់គ្នា និងគ្មានក្រុមគ្រួសារណាមួយដែលគ្មានមនុស្សរងគ្រោះ ឬគ្មានសាច់ញាតិ ដែលថាមិនបានបែកបាក់គ្នានោះទេក្នុងរបបកាប់សម្លាប់ខ្មែរក្រហមពីអតីតកាលនោះ។ ទីក្រុង ទីផ្សារ ទីប្រជុំជនទាំងឡាយ ដែលធ្លាប់តែមានមនុស្សច្រើនអ៊ូរអរ និងកុះករ ប្រែក្លាយជាទីកន្លែងស្ងាត់ជ្រងំ វត្តអារាម និងសាលារៀនខ្លះត្រូវបានប្រែក្លាយជាគុកឥតជញ្ជាំង ពលរដ្ឋណាដែលមានចំណេះដឹងជ្រៅជ្រះ ដូចជាសាស្ត្រាចារ្យ គ្រូបង្រៀន បញ្ញវ័ន្ត និស្សិត អ្នករដ្ឋការនានា បានក្លាយជាមុខព្រួញនៃការធ្វើបាប និងកាប់សម្លាប់របស់របបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម។

ភាពស៊ីវិល័យបន្សល់ទុកពីអតីតរបបដឹកនាំមុនៗ បានក្លាយជាសត្រូវរបស់របបកម្ពុជាប្រជាធិបតេយ្យ សិល្បៈ ចម្រៀង ប្រពៃណី វប្បធម៌របស់ជាតិ ត្រូវបានគេលុបចោលនិងចាត់ទុកជាខ្មាំងរបស់បដិវត្តន៍ ការគោរពប្រណិបតន៍សាសនានានាទាំងឡាយត្រូវបានហាមឃាត់ ព្រះសង្ឃត្រូវបានគេចាប់ផ្សឹក សាលារៀនគ្រប់កម្រិតត្រូវបានបិទទ្វារ មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាទីប្រជុំជននៅខេត្តត្រូវបានក្រុមទាហានស្លៀកខោអាវខ្មៅ ប៉ុល ពត បានបង្ខំឱ្យចាកចេញពីទីលំនៅដ្ឋាន ធ្វើដំណើរទៅរស់នៅក្នុងជនបទ ដែលការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យសង្គមកម្ពុជា បានក្រឡាប់ចាក់អស់ទាំងស្រុង។ ឫសគល់នៃសោកនាដកម្មនេះ អាចត្រូវបានគេរម្លឹកទៅនឹងរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រំលាយអតីតរបបសង្គមរាស្ត្រនិយមដឹកនាំដោយអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងក្រោយរដ្ឋប្រហារនោះមកការផ្លាស់ប្តូររបបថ្មីក៏បានកើតឡើង។

ឆ្លៀតក្នុងឱកាសដែលសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសបារាំងក្នុងខែមីនា ឆ្នាំ៩៧០ ក្រុមក្បត់ជាតិដឹកនាំដោយលោក លន់ នល់ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានធ្វើរដ្ឋប្រហារផ្លាស់ប្តូររបបថ្មី។ របបថ្មីឈ្មោះ សាធារណរដ្ឋខ្មែរ ជាមួយនឹងលេសចោទប្រកាន់ថា អតីតព្រះមហាក្សត្រខ្មែរ បានកាត់ទឹកដីលក់ឱ្យយួនយៀកកុង យៀកណាមខាងជើង បានឃុបឃិតជាមួយនឹងអតីតរដ្ឋការវៀតណាមខាងត្បូង ជាមួយនឹងការគាំទ្រពីអតីតរដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទៀតនោះ បាននាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងអណ្តាតភ្លើងសង្គ្រាមទាំងស្រុងចាប់តាំងពីពេលនោះមក។

អតីតប្រធានាធិបតីអាមេរិកលោក Nixon នៅថ្ងៃទី៣០ មេសា ឆ្នាំ១៩៧០ បានប្រកាសប្រាប់ សាធារណជនអាមេរិកក្នុងភាពដ៏ភ្ញាក់ផ្អើលមួយក្នុងពេលនោះថា កងទ័ពអាមេរិកនិងកងទ័ពវៀតណាមខាងត្បូង បានចូលទៅក្នុងប្រទេសកម្ពុជាហើយ។

ការទម្លាក់គ្រាប់បែកដោយយន្តហោះសហរដ្ឋអាមេរិកលើទឹកដីកម្ពុជា បានបង្កនូវមហាវិនាសកម្មដ៏ធំធេង និងការបង្កគ្រោះថ្នាក់ដ៏ធំនៅលើទឹកដីរបស់កម្ពុជានេះហើយ បាននាំឱ្យមានចលនាតស៊ូប្រឆាំងទ័ពព្រៃកាន់តែមានសន្ទុះផុសផុល។ ទង្វើអសមត្ថភាពរបស់ លន់ នល់ ដែលដឹកនាំរបបសាធារណរដ្ឋខ្មែរ និងជារបបមហាពុករលួយនិងមានការពឹងដង្ហើមដកពីសហរដ្ឋអាមេរិកនោះ ទីបំផុតត្រូវបានដួលរលំបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានប្រកាសឈប់ផ្តល់ជំនួយដែលជាការបង្ខំឱ្យប្រធានាធិបតីអាមេរិកលោក Nixon ជំនាន់នោះ បញ្ឈប់ការគាំទ្រផ្លូវអាកាសទាំងអស់នាពាក់កណ្តាលខែសីហា ឆ្នាំ១៩៧៣។ ផ្លូវឈានទៅបរាជ័យបានបង្ហើបឱ្យ លន់ នល់ និងមេខ្លោងក្បត់ជាតិឯទៀត បានមើលឃើញតាំងពីពេលនោះមក។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ មុនពេលដែលកម្លាំងខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ លន់ នល់ បានរត់ចាកចេញពីភ្នំពេញ។

ទង្វើអរិភាពនៃសង្គ្រាមជាង៥ឆ្នាំនៅលើទឹកដីកម្ពុជានេះ ក្រោយមកបានរុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ តួលេខបានបង្ហាញ ថាមានមនុស្សស្លាប់ក្នុងសង្គ្រាមជាង៥ឆ្នាំនោះ រវាងពី៥០ម៉ឺនទៅ៧០ម៉ឺននាក់។ ក្រោយការដួលរំលំរបបសាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយឈ្មោះ សាឡុត ស ហៅ ប៉ុល ពត បានឆក់ដណ្តើមអំណាចបង្កើតរបៀបគ្រប់គ្រងមួយដែលបង្កមហាវិនាសកម្មយ៉ាងក្រៃលែង។

មនុស្សស្លាប់ជាង៣លាននាក់ក្នុងការដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ និងបើគ្មានរណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃទី២ ធ្នូ ដែលសហការជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកជួយរំដោះកម្ពុជានិងប្រជាជនខ្មែរ ទាន់ពេលវេលានាពេលនោះទេ កម្ពុជា ម្ល៉េះនឹងមិនដឹងក្លាយទៅជាយ៉ាងណាឡើយ។

• តើថ្ងៃ៧មករាឆ្នាំ១៩៧៩ មានការផ្តួចផ្តើមដោយឥស្សរជនខ្មែរណាខ្លះ?

ប្រវត្តិសាស្ត្របានបង្ហាញថាសម្តេចតេជោ ហ៊ុន សែន ដើម្បីការតស៊ូរំដោះប្រទេសជាតិបានចាកចេញពីមាតុប្រទេស នៅថ្ងៃទី២១ មិថុនា ឆ្នាំ១៩៧៧។ សម្តេចតេជោហ៊ុនសែនបានយកជីវិតជា ដើមទុនដើម្បីស្វែងរកការរំដោះជាតិចេញរួចផុតពីក្រញាំដៃបិសាចរបបកម្ពុជាប្រជាធិបតេយ្យ។ នៅថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៨ សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈបញ្ជាការលើកដំបូងមួយដោយដាក់ឈ្មោះថាគណៈបញ្ជាការ៥៧៨ ដោយសម្តេចធ្វើជាប្រធានយោធានិងប្រធាននយោបាយ និងក្រោយមកបានឈានទៅបង្កើតអង្គភាពមួយទៀតឈ្មោះ១២៥ និងក្រោយមកទៀតបានបង្កើតកងវរៈសេនាតូចជាបន្តបន្ទាប់។

កម្លាំងរបស់សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន កម្លាំងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម សាយ ភូថង នៅកោះកុង និងកម្លាំងរបស់ឯកឧត្តម ប៊ូថង និង ប៊ុន មី នាភាគឦសានប្រទេស។ កម្លាំងតស៊ូទាំង៥ក្រុមនោះហើយ គឺជាប្រភពនៃការកកើតជារណសិរ្យសាមគ្គីសង្រ្គោះជាតិ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើការវាយសម្រុកបណ្តេញរបបគ្រប់គ្រងខ្មែរក្រហម ចេញពីអំណាចនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ការរំដោះ ៧ មករា ១៩៧៩ មិនមែនគ្រាន់តែជាការដួលរលំនៃរបបកាប់សម្លាប់ខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការជួយសង្គ្រោះនៃប្រជាជាតិមួយ ដែលពេលនោះបានឈានទៅដល់ការវិនាសអន្តរាយស្ទើរទាំងស្រុងទៅហើយ។

ប្រសិនបើការរំដោះនេះ មិនបានកើតឡើង ឬមិនទាន់ពេលវេលានោះវាជារឿងមិនអាចយល់បានថាតើកម្ពុជាអាចនឹងក្លាយទៅជាយ៉ាងណាទេ? ពីព្រោះគោលនយោបាយរបស់ខ្មែរក្រហមពេលនោះ កំពុងជំរុញប្រទេសជាតិខ្លួនឯងឆ្ពោះទៅរកការកាប់សម្លាប់ដោយភាពសង្ស័យថា ពួកគេជាគិញសម្ងាត់បរទេស និងម្យ៉ាងទៀតដោយការចង់បំបាត់វប្បធម៌ជាតិរបស់ខ្លួនឯង ក្រោមភាពស្រវឹងនឹងអ្វីដែល ប៉ុល ពត តែងលើកឡើងថា ការដឹកនាំរបស់ខ្មែរក្រហមពេលនោះមានភាព «មហាលោតផ្លោះ មហាអស្ចារ្យ»។

ប៉ុន្តែទិវា ៧ មករា ឆ្នាំ១៩៧៩ បែរជាត្រូវបានមេខ្លោងក្រុមជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានព្យាយាមនិយាយកែកាឡៃការពិតនៃប្រវត្តិសាស្ត្រ។ ទណ្ឌិត សម រង្ស៊ី បាននិយាយចោទប្រកាន់ថា ទិវា «៧មករា» គឺជាទង្វើនៃការឈ្លានពានរបស់ប្រទេសវៀតណាម។ ទណ្ឌិតរូបនេះ ដើម្បីតែមហិច្ឆតានយោបាយចង់គ្រប់គ្រងប្រទេសកម្ពុជា បានប្រើលេសវៀតណាម ឬបរទេសឈ្លានពានកម្ពុជា ដើម្បីចង់នាំឱ្យប្រទេសកម្ពុជាដែលមានសន្តិភាពប្រមាណ ២៦ឆ្នាំរួចមកនេះ ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ បានប្រសាសន៍បញ្ជាក់ច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចមិនបោះបង់ចោលទិវា«៧មករា»ឡើយ ទោះក្នុងតម្លៃណាក៏ដោយ ហើយប្តេជ្ញាការការពារសមិទ្ធផលដ៏ចម្បងនេះជានិច្ច និងហ៊ានធ្វើអ្វីសព្វបែបយ៉ាងទាំងអស់ដើម្បីការពារស្មារតីនៃព្រលឹងទិវា «៧មករា» ជាអមតៈ៖«គ្មានពេលណាដែល គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧ មករា បំភ្លេចចោលថ្ងៃ៧ មករានោះទេ អ្នកត្រូវចាំក្នុងចំណុចនេះ ដូច្នេះទោះបីត្រូវធ្វើសង្គ្រាមដើម្បីការពារថ្ងៃ៧ មករា ក៏ហ៊ានធ្វើដែរ»។

• ទិវា៧មករា ជួយបង្កើតបាវចនាជាតិ សាសនា និងព្រះរាជបល្ល័ង្គ សាជាថ្មី

ពលរដ្ឋខ្មែរក្នុងប្រទេស បាននិងកំពុងធ្វើជាសាក្សីដើម្បីឱ្យប្រជាពលរដ្ឋលើពិភពលោកបានដឹងថាបើគ្មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះទេ បាវចនា ជាតិ សាសនា និងព្រះរាជបល្ល័ង្គ នឹងមិនមានជីវិតរស់ឡើងវិញ ម្ល៉េះវប្បធម៌ខ្មែរនៃដួងព្រលឹងជាតិ ក៏មិនបានកើតសាជាថ្មី និងព្រះរាជាណាចក្រកម្ពុជា ក៏មិនមានភាពរុងរឿងដូចបច្ចុប្បន្ននេះឡើយ។

ដោយសារតែទិវា៧មករានោះហើយ ពលរដ្ឋខ្មែរត្រូវបានរួចពីស្លាប់ ជាតិខ្មែរត្រូវបានថ្កុំថ្កើង ព្រះពុទ្ធសាសនា និងសាសនានានាត្រូវបានរស់ឡើងវិញ និងបើគ្មានទិវា «៧មករា»នោះទេ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏មិនបានកើតឡើងលើទឹកដីកម្ពុជាវិញដែរ។

ប្រវត្តិសាស្ត្របានសរសេរថា ២២ថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសនោះរួចមក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរទៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីអមព្រះរាជដំណើរអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា យាងវិលត្រឡប់មក ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១ និងរហូតដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ។

ថ្ងៃទី៧ មករា ឈានមកដល់គំរប់ខួប៤៦ឆ្នាំនេះ គឺជាការរំលឹកដ៏ក្រៀមក្រំមួយអំពីភាពធន់របស់ប្រជាជនកម្ពុជា និងសារៈសំខាន់នៃសាមគ្គីភាពក្នុងការប្រឈមមុខនឹងការរងទុក្ខលំបាករបស់ខ្មែរក្នុងសម័យអតីតកាល ដែលគេគប្បីត្រូវចៀសវាងឱ្យមានកើតឡើងជាលើកទី២ឡើយ។

ខួបលើកទី៤៦ឆ្នាំក្នុងពេលនេះ មិនមែនគ្រាន់តែជាការរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដល់កិត្តិយសអ្នកដែលបានលះបង់ជីវិតដើម្បីជាតិ រំដោះជាតិ និងបានឆ្លុះបញ្ចាំងពីមេរៀននៃប្រវត្តិសាស្ត្ររបស់ខ្លួនថែមទៀត។ ទិវាខួប៧មករា ឆ្នាំ២០២៥ គឺជាការបញ្ជាក់ការបន្តប្តេជ្ញាចិត្តរបស់ខ្មែរគ្រប់រូបត្រូវបន្តថែរក្សាសន្តិភាព ដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យស្ថិតស្ថិរគង់វង្ស ដើម្បីកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនក្នុងនាមជាប្រជាជាតិដ៏រស់រវើក និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមឱ្យថ្ងៃទី៧ ខែមករា នៃថ្ងៃរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជានេះ ស្ថិតនឹងដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជាជារៀងរហូត៕