(កំពង់ស្ពឺ)៖ ក្មេងទំនើងអាវ៉ាសែចំនួន២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាក្នុងសាលា ហើយបង្ហោះក្នុង TikTok ថែមទៀត ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត ចុះឃាត់ខ្លួនបាន១ក្រុម និងត្រៀមក្របួចយក១ក្រុមទៀត។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចសាលាអនុវិទ្យាល័យបន្ទាយរកា ប្រជាពលរដ្ឋបានរាយការណ៍មានក្មេងទំនើង២ក្រុម ក្រោយទទួលបានព័ត៌មាននគរបាលប៉ុស្ដិ៍ ក្រាំងដីវ៉ាយ បានទៅកន្លែងកើតហេតុ និងបានឃាត់ក្មេងទំនើងក្រុមទី១បានចំនួន៤នាក់មកសួរនាំ រួមមាន៖
*ទី១៖ ឈ្មោះ ឈន ចាន់ណា អាយុ១៥ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច (កាន់កាំបិតផ្គាក់)
*ទី២៖ ឈ្មោះ សាវ រតនា អាយុ១៦ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ (កាន់កាំបិតបន្ទោសថតវីដេអូលេង តែរកកាំបិតមិនឃើញ)
*ទី៣៖ ឈ្មោះ រ៉ុន ចំរើន (ហៅគីល) អាយុ១៤ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច
*ទី៤៖ ឈ្មោះ ឈឿន រដ្ឋណាក់ អាយុ១៥ឆ្នាំ នៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។
ក្រោយសាកសួរក្រុមទី១ បានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់គ្នានៅក្នុងសាលាពិតប្រាដកមែនជាមួយក្រុមទី២ រួមមាន៖
*ទី១៖ ឈ្មោះ លាប វិសាល អាយុ១៦ឆ្នាំ នៅភូមិព្រៃកាហៀច ឃុំក្រាំងដីវ៉ាយ (កាន់ដំបង និងមួកសុវត្ថិភាព)
*ទី២៖ ឈ្មោះ ធាន នៅភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ កាន់មួកសុវត្ថិភាព)
*ទី៣៖ ឈ្មោះ ប៉ុន ពន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច, ក្រុមទី២បានគេចខ្លួនអស់។
ករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនក្មេងទំនើងទាំង៤នាក់ រួមនិងវត្ថុតាងទៅស្នងការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕