(កណ្តាល)៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ជាច្រើននាក់ តាំងពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទនៅផ្ទៃទឹក នៅចំណុចភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដោយរកឃើញ និងដកហូតឧបករណ៍នេសាទបានយ៉ាងច្រើន ដែលក្រុមឈ្មួញបន្តលួចដាក់ និងពង្រាយពេញផ្ទៃទឹកតែម្តង។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលរងស្រុក លោក សុខ រក្សា និងលោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះ ហើយកម្លាំងប្រតិបត្តិការទាំងមូលរួមមាន៖ កម្លាំងនគរបាលចំនួន៤៥នាក់ មន្រ្តីជលផលចំនួន២នាក់ កម្លាំងយោធាព្រំដែន៦០១ចំនួន២នាក់ កម្លាំងអាវុធហត្ថស្រុក២នាក់ និងកម្លាំងនគរបាលព្រំដែន៦០៥ចំនួន៤នាក់។
អធិការនគរបាលស្រុកកោះធំ ដែលទើបទទួលការដំឡើងឋានន្តរស័ក្តិបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា សម្ភារដែលកម្លាំងដកហូតបានរួមមាន៖ លបប្រើស១០០ ចំនួន១ ទូកប្រមាណ៥០០ម៉ែត្រ សៃយឺនស្បៃមុងក្រឡាញឹកចំនួន១៣០មាត់លូ លបក្តាមចំនួន២៥រឿង របាំងស្បៃមុងប្រវែងប្រមាណ ១៣.១០០ម៉ែត្រ បង្គោលស្មាច់ចំនួន១.៣០៩ដើម និងកូនត្រីចំរុះចំនួនប្រមាណ២៥០ គីឡូក្រាម (ព្រលែងចូលក្នុងទឹកវិញ)។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា «នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដោយមានបញ្ជាពីគណៈបញ្ជាការឯកភាពស្រុកឱ្យចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដោយលោកឧត្តមស្នងការ បានឯកភាពទាំងស្រុងឲ្យសហការចុះបង្ក្រាប។ លុះមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៥និង៣០នាទី កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ ដែលនៅសេសសល់ក្នុងភូមិប៉ាក់ណាម ដោយរឹបអូសបានសម្ភារជាច្រើន រីឯជនល្មើសគឺកម្លាំងមិនបានពើបប្រទះនោះទេ»។
តែសម្រាប់ចុងបញ្ចប់នៃប្រតិបត្តិការ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើដំណើទៅដល់អតីតឡូត៍លេខ១១ ពេលនោះបានឃើញសកម្មភាពបទល្មើសនេសាទប្រព្រឹត្តដោយក្រុមឡូត៍នេសាទសហគមន៍ជាច្រើនផងដែរ ដូចជា ដាក់ស្បៃមុងក្រឡាញឹក(សៃយ៉ឺន) ជាច្រើនខ្សែ និងរបាំងភ្នោះ ។ល។
លោកអធិការបានបន្តទៀតថា កម្លាំងអធិការដ្ឋានបានពន្យល់ទៅប្រធានសហគមន៍ ក៏ដូចជាប្រជាជនដាក់ក្នុងឡូត៌នោះ ឲ្យដកចេញជាបន្ទាន់ ហើយព្រមាននឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ប៉ុន្តែប្រជាជនដែលដាក់ស្បៃមុងក្រឡាញឹកនេះ មិនបានស្តាប់ហេតុផលនគរបាលឡើយ បែរជាប្រឆាំងតបត និងជេប្រមាថមកលើនគរបាលហើយអះអាងថា ខ្លួនចេះច្បាប់ជលផលជាងនគរបាល និងរើបានលុះត្រាមានបញ្ជាពីប្រធានសហគមន៍មួយប៉ុណ្ណោះ។
ពេលនោះប្រជាជនបានឡោមព័ទ្ធសមត្ថកិច្ច និងផ្ទុះហិង្សាមកលើសមត្ថកិច្ច តែសមត្ថកិច្ចនៅតែរក្សាគោលជំហរមិនតបតដោះស្រាយដោយសន្តិវិធី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការ ដើម្បីធ្វើការនាំខ្លួនជនប្រព្រឹត្តមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីអប់រំបន្ត។ សម្រាប់ឧបករណ៍នេសាទទាំងនេះ ត្រូវបានកម្លាំងនគរបាលនាំយកទៅដុតកម្ទេចចោលនៅថ្ងៃនេះផងដែរ។
មន្រ្តីនគរបាលម្នាក់ដែលបានចូលរួមនៅក្នុងប្រតិបត្តិការខាងលើនេះ បាននិយាយថា «បទល្មើសនេសាទនៅទីតាំងខាងលើ គឺមានច្រើនណាស់ ដែលក្រុមឈ្មួញបានដាក់ពង្រាយពេញលើផ្ទៃទឹកតែម្តង ហើយកន្លងទៅអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមិនដែលចុះបង្ក្រាបនោះទេ ទើបតែទៅដល់ ស្រាប់តែដឹងថា ការដាក់បទល្មើសនេសាទគឺច្រើនមែនទែន មិនគួរឲ្យជឿ ដូច្នេះសូមថ្នាក់ដឹកនាំពាក់ព័ន្ធ មេត្តាបង្កើនប្រសិទ្ធភាព នៃការចុះបង្ក្រាបផង មិនថាតែនៅទីតាំងខាងលើនោះទេ គឺនៅមានកន្លែងផ្សេងទៀត»៕