(សៀមរាប)៖ លោកស្រី ហួន ខេង ជាសមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលមានឈ្មោះ ជិន លីណា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅនៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ 

ក្នុងឱកាសនោះ លោកស្រី ហួន ខេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

ជាមួយគ្នានេះដែរ ក្រុមការងារទាំងអស់ ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត និងទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូល ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពល្អប្រសើរឡើ។

អំណោយមនុស្សធម៌ដែលចែកជូន រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ,  ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ១យួរ, កន្ទេល មុង ភួយ សារ៉ុង ក្រមា ចាន ៥ ស្លាបព្រាបាយ ៥ ឆ្នាំង១ ចានស្រាក់ ១ កំសៀវដាំទឹក ១ ថាសដែក ១ ប្រដាប់គ្របម្ហូប ១ ខ្ទះឆា ២វែកឆា ១វែកសម្ល១ វែកបាយ ១ ធុងដាក់ទឹកកាវធំ ១ ចង្អើរអាំងត្រី១ កន្ថោរ ១ និងថវិកា ២០០.០០០រៀល(ពីរសែនរៀល) ក្នុងនោះដែរ លោកស្រី ហ៊ី គា ក៏បានឧបត្ថម្ភថវិកាបន្ថែម ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ព្រមទាំង មានថវិកាពីក្រុមការងារបានចូលរួមបន្ថែមទៀតផងដែរ៕