(កំពង់ធំ)៖ លោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំ បានជំរុញដោយមាតាបិតាពិនិត្យតាមដានកូនចៅដែលស្ថិតក្នុងវ័យសិក្សារៀនសូត្របើចង់មានចំណេះដឹងខ្ពង់ខ្ពស់។
លោកស្រី យស ថានារី ថ្លែងក្នុងពិធីផ្តល់ធុងចម្រោះទឹកស្អាតជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO ដល់ប្រជាពលរដ្ឋ២៥០គ្រួសារ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅសាលាសង្កាត់អាចារ្យលាក់។
លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកស្រីបន្តថាយើងជាយុវជនជំនាន់ក្រោយ ត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមានការស្តាយក្រោយ ព្រោះយើងមានឱកាស ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូស ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ ព្រោះវិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំង ដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកស្រីបានអំពាវដល់មាតាបិតាទាំងអស់ឲ្យអប់រំដល់កូនៗឲ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗត្រូវរួមគ្នា ពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ដើម្បីឲ្យយុវជនជាទំពាំងស្នងឬស្សីបំរើប្រទេសជាមានការីកចម្រើន ។
លោកស្រី យស ថានារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាពអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕