(ត្បូងឃ្មុំ)៖ សមណសិស្សនិងសិស្សចំនួន៦៣២អង្គ/នាក់នៅខេត្តត្បូងឃ្មុំ បានចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៤-២០២៥ ធ្វើឡើងនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងចំនួន៣ រួមមាន៖ មណ្ឌលពញាក្រែក មណ្ឌលអូររាំងឪ និងមណ្ឌលត្បូងឃ្មុំ។
ចំពោះមណ្ឌលពញាក្រែក ពិធីកាត់ស្រោមវិញ្ញាសាប្រឡង ធ្វើឡើងនៅសាលាអនុវិទ្យាល័យត្រពាំងផ្លុង ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក្រោមព្រះវត្តមាន និងវត្តមាន ព្រះវិន័យសត្ថា តេង ហែ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិញ្ញូវេទីបាឡាត់គណខេត្តត្បូងឃ្មុំ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោកស្រី លី ស៊ីថុល អភិបាលរងស្រុកពញាក្រែក ព្រមទាំងប្រតិភូសាលាពុទ្ធិកសិក្សា នៃក្រសួងធម្មការ និងសាសនា និងអ្នកពាក់ព័ន្ធ។
បើតាមលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅខេត្តត្បូងឃ្មុំ មានបេក្ខសមណ និងបេក្ខជនចូលរួមប្រឡងចំនួន៦៣២អង្គ/នាក់ មាន៣មណ្ឌល រួមមាន៖ មណ្ឌលពញាក្រែកចំនួន២៥០អង្គ/នាក់ មណ្ឌលអូររាំងឪចំនួន១៨៧អង្គ/នាក់ និងមណ្ឌលត្បូងឃ្មុំចំនួន១៩៥អង្គ/នាក់។
លោកបន្ថែមថា ក្នុងនោះដែរថ្នាក់ត្រី មានចំនួន៤១១អង្គ/នាក់ ស្មើនឹង ១៨បន្ទប់ ថ្នាក់ទោ មានចំនួន១២៣អង្គ/នាក់ ស្មើនឹង៦បន្ទប់/ និងថ្នាក់ឯក មានចំនួន៩៨អង្គ/នាក់ស្មើនឹង៥បន្ទប់ផងដែរ៕