(ភ្នំពេញ)៖ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារលោក សេក បរិសុទ្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅតាមបណ្ដាយផ្លូវជាតិលេខ៧ ចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមលិខិតរបស់ស.ស.ស.ក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលានេះបានឲ្យដឹងថា «យើងខ្ញុំជាថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំងសមាជិក-សមាជិកាទាំងអស់គ្នា នៃសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ពិតជាមានការសោកស្ដាយដោយក្ដីអាឡោះអាល័យ ជាពន់ពេក ចំពោះការបាត់បង់មួយប៉ព្រិចភ្នែកនូវ លោក សេក បរិសុទ្ធ ដែលជាអ្នកសារព័ត៌មានដ៏ល្អ និងជាធនធានមនុស្សដ៏កម្រមួយរូបនៅកម្ពុជា»៕