Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​អាជា្ញធរជាតិអប្សរា ចុះពិនិត្យសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ នៅក្រុងសៀមរាប

18-10-2016 14:38

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារ​សហគមន៍ទី០៤​ ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក និងលោក ព្រឹម វីរៈ តំណាងលោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា រួមជាមួយ មន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះពិនិត្យការស្នើសុំជួសជុលផ្ទះ ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ នៅក្រុងសៀមរាប ដើម្បីជួយសម្រួលការលំបាក ដល់ពួកគាត់ក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ក្នុងដំណើរចុះពិនិត្យសំណើ សុំជួសជុលផ្ទះ របស់ប្រជាពលរដ្ឋនេះ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតការជួសជុលផ្ទះ ដល់ប្រជាពលរដ្ឋចំនួន៥ភូមិ គឺ នៅភូមិបង្កោង៣គ្រួសារ ភូមិតាប៉ាង២គ្រួសារ ភូមិត្រពាំងរុន១គ្រួសារ ភូមិត្រាចជ្រុំ១គ្រួសារ និងភូមិគីរីមានន្ទ១គ្រួសារ ស្ថិតក្នុងសង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ហើយការអនុញ្ញាតនេះ ដោយយោងទៅលើពួកគាត់ បានដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា និងពួកគាត់ជាប្រជាជនចាស់ រស់នៅស្របច្បាប់ ក្នុងតំបន់ឧទ្យានអង្គរ តាំងពីដើមមក។

សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា ចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា និងដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ។ ម្យ៉ាងទៀត សកម្មភាពនេះ ក៏អាចធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិក របស់អាជ្ញាធរជាតិអប្សរាបានដឹងពីបញ្ហាមួយចំនួន របស់ពួកគាត់បន្ថែមទៀត ហើយអាចនឹងជួយដោះស្រាយបញ្ហាទាំងនោះ ជូនពួកគាត់បានភ្លាមៗផងដែរ នៅនឹងកន្លែង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ ស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការសាងសង់តូចៗ ក៏ត្រូវបានអនុញ្ញាត ដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋ ជារៀងរាល់សប្តាហ៍៕