(កំពង់ធំ)៖ ធុងជម្រោះទឹកស្អាតផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកស្រី យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋ២៥០គ្រួសារ ស្រុកសន្ទុក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅសាលាស្រុកសន្ទុក។
លោកស្រីបានបន្តថា ចំពោះការផ្តល់ជូនធុងចម្រោះទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកមួយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងសុខមាលភាពរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរសធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកស្រី យស ថានារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកធុងចម្រោះទឹកនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុន ហើយត្រូវបន្តថែរក្សាសុខភាពអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត
ពិសេសធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា៕