(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាង៦០០នាក់ រស់នៅប្រទេសណូវែលហ្សេឡង់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ បង្កើនសេដ្ឋកិច្ចជាតិដើម្បី ឲ្យប្រជាពរដ្ឋរស់នៅក្នុងជីវភាពធូរធា។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ ចំពោះបញ្ហាព្រំដែននៅលើដី គឺការដោះស្រាយបញ្ហា ផែនទីតាមទិដ្ឋភាពច្បាប់។
ចំណែកបញ្ហាមនុស្ស គឺជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាល បានបង្កើតស្ថាប័ន អគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីធ្វើការលើរឿងនេះ។ លោកក៏បានសង្កត់ធ្ងន់ថា «យើងត្រូវដោះស្រាយ ការពារព្រំដែនខ្មែរដើម្បីប្រជាជនខ្មែរ និង កូនចៅជំនាន់ក្រោយៗផងដែរ»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងពេលដែលលោក និងក្រុមការងារ បានជួបជាមួយ ប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសណូវែលហ្សេឡង់គឺទីក្រុងហាមមីនតុន វីលលីងតុន ជាង៦០០នាក់ ដើម្បីពិសារអាហារសាមគ្គី មហាគ្រួសារខ្មែរ ទទួលស្វាគមន៍ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរលោក កុយ គួង រួមទាំងក្រុមការងារ ប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅនិងសប្បាយរីករាយ ក្រៃលែង នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ក្នុងនាមជាខ្មែរមួយរូប លោក មានមោទនភាពចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្រៅប្រទេសចំពោះភាពជោគជ័យនិងនាំមកនូវកិត្តិយសជាតិរបស់យើង។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបជាមួយសមាជិកសភា សមាជិកព្រឹទ្ធសភា រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល និស្សិត ពាណិជ្ជករ និង ជួបជុំពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតខ្មែរ រួមទាំងក្រុមការងារ បានឆ្លៀតពេលដ៍មមាញឹក ចូលថ្វាយបង្គំព្រះសង្ឃ និងសួរសុខក្ខទុក្ខបងបងប្អូន ប្រជាពុទ្ធបរិស័ទ្ធខ្មែរបានចំនួន០៣វត្តផងដែរ (មួយវត្តនៅអូស្ត្រាលី និង០២វត្ត នៅណូវែហ្សេឡង់)។
នៅក្នុងឱកាសនោះដែរលោក ហ៊ុន ម៉ាណែត បានចូលបច្ច័យកសាង នៅក្នុងទីអារាមទាំងនោះផងដែរក្នុងគោលបំណង លើកស្ទួយវប្បធម៌ជាតិខ្មែរ និងព្រះពុទ្ធសាសនា ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរ នៅក្រៅប្រទេសផងដែរ៕