(បាត់ដំបង)៖ ប្រជាពលរដ្ឋនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ចេញប្រតិកម្មជាមួយ អាជ្ញាធរឃុំស្នឹង និងគណៈកម្មការវត្តស្នឹង រឿងរើសាលាឆទាន ដែលមានទីតាំងនៅក្រៅវត្តស្នឹង ដោយប្រជាពលរដ្ឋដាក់ការសង្ស័យថា សាលាឆទាននេះត្រូវបានគណៈកម្មការវត្ត និងអាជ្ញាធរលួចលក់ឲ្យឈ្មួញធ្វើហ្គារ៉ាស់សាំង។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរឆ្លើយថា ដីនេះទំហំ១០ម៉ែត្រ គុណ១០ម៉ែត្រ ហើយមានកាប៉ះពាល់ដីចំណីផ្លូវ ព្រមទាំងមានគណៈកម្មការ អន្តរក្រសួង បានផ្តល់ឲ្យគោលយោបាយ៣០០ដុល្លារ ដោយមានលិខិតអនុញាតឲ្យរុះរើពីអាជ្ញាធរឃុំស្រុកទៀតផង។

លោក សេត តែម មេឃុំស្នឹង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា ដំបូងគណៈកម្មការវត្តបាននាំគ្នា រើដំបូលអស់មួយចំនួន ដោយមិនបានសុំការអនុញាតពីអាជ្ញាឃុំទេ។ ក្រោយមកដឹងដល់ពុទ្ធបរិស័ទ្ធ និងម្ចាស់ដីសាលាឆទាន ទើបមានប្រតិកម្មរារាំងបញ្ឈប់ មិនឲ្យរើបណ្តោះអាសន្ន ហើយគណៈកម្មការវត្ត បានធ្វើលិខិតសុំអនុញាត ពីមេឃុំស្នឹង និងអភិបាលស្រុក​បាណន់ ដើម្បីសុំរើ ទើបមានការអនុញាតត្រឹមត្រូវ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះមានពាក្យចរចាមអារាម ពីប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា អាជ្ញាធរបានឃុបឃិតគ្នា លក់ដីសាលាឆទាននេះ ទៅឲ្យឈ្មួញ សម្រាប់ធ្វើហ្គារ៉ាស់សាំង។ ជាការឆ្លើយតប លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានបញ្ជាក់តាមទូរស័ព្ទ ឲ្យដឹងថា បញ្ហាចោទប្រកាន់រឿង អាជ្ញាធរឃុបឃិតគ្នារុះរើ សាលាឆទានដើម្បីយកដីលក់ឲ្យឈ្មួញធ្វើហ្គារ៉ាស់សាំងនោះ លោកបានធ្វើការបដិសេធ ទាំងស្រុង។

លោកបានបញ្ជាក់ថា «នេះពុំមែនជារឿងពិត ដូចការចោទប្រកាន់នោះទេ ការរុះរើសាលាឆទាននេះ គឺមានការឯកភាពគ្នា ពីគណៈកម្មការ អាចារ្យវត្តស្នឹង ឃុំ ស្រុក និងគណៈកម្មការអន្តរក្រសួង បានឯកភាពគ្នាដោយសារតែមានសភាពចាស់ទ្រុឌទ្រោមផង ហើយជាចំណីផ្លូវនៅពេលពង្រីកផ្លូវថ្ងៃក្រោយ ព្រមទាំងផ្តល់ ប្រាក់សោហ៊ុយគោលនយោបាយ៣០០ដុល្លារ ដើម្បីរុះរើទៀតផង»។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋថា បើមានក្រដាស់ស្នាម និងភស្តុតាងសំអាងគ្រប់គ្រាន់ បញ្ជាក់រឿងលក់ដីសាលាឆទាន សូមយកមកបង្ហាញលោកចុះ លោកនឹងចាត់វិធានការតាមច្បាប់ជូន៕