(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរ Giant IBIS Transport នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានធ្វើការពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះអ្នកបើកបររថយន្ដដឹកនាំភ្ញៀវ ដើម្បីរក្សាសុវត្ថិភាព ជូនអតិថិជន ក្នុងការធ្វើដំណើរ តែជាលទ្ធផល មិនមានអ្នកបើកបរណាម្នាក់ មានជាប់សារធាតុញៀន នៅក្នុងខ្លួននោះទេ។
លោក យ៉យ វិបុល អ្នកគ្រប់គ្រងទូទៅ បានឲ្យដឹងថា «ក្រុមហ៊ុន បានយកចិត្តទុកដាក់ខ្លាំង ចំពោះអ្នកដំណើរទាំងអស់ ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុនពិនិត្យទឹកនោម រកសារធាតុញៀន ចំពោះអ្នកបើកបរ ហើយក្រុមហ៊ុនចង់បញ្ជាក់ថា តៃកុងរថយន្ដ មិនបានប្រើប្រាស់គ្រឿងញៀន នោះទេ»។ លោក បន្ថែមថា ការពិនិត្យនេះ ដើម្បីរក្សាសុខ សុវត្ថិភាព ជូនដល់អ្នកដំណើរអ្នកទាំងអស់ដែលបាន ប្រើប្រាស់សេវាកម្ម របស់Giant IBIS Transport ក៏ដូចជាប្រជាពលរដ្ឋអ្នកដំណើរតាមដងផ្លូវផងដែរ។
ជាមួយគ្នានេះ លោក បញ្ជាក់ថា ការពិនិត្យនៅព្រឹកនេះ ជាជំហ៊ានដំបូងតែប៉ុណ្ណោះ ហើយក្រុមហ៊ុន នឹងបន្ដពិនិត្យរាល់តៃកុងរថយន្ដទាំងអស់ ជាបន្ដបន្ទាប់ ហើយក្រៅពីការពិនិត្យ ក្រុមហ៊ុននឹងតាមដានរាល់សកម្មភាពទាំងឡាយ របស់តៃកុងរថយន្ដ ប្រសិនបើមានករណីណាមិនសមស្រប ក្រុមហ៊ុននឹងពិនិត្យតៃកុងនោះភ្លាមៗ ព្រោះឧបករណ៍មានគ្រប់គ្រាន់ ដោយឡែកនៅល្ងាចថ្ងៃទី១៨ ខែតុលានេះ ក្រុមហ៊ុននឹងបន្ដពិនិត្យបន្ថែមទៀត៕