(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡា នៅស្រុកបាកាន បន្ទាប់ពីបានដំណើរការយ៉ាងសកម្ម និងស្វិតស្វាញ អស់រយៈពេល៥សប្តាហ៍ និងដឹកនាំប្រារព្ធមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥»។

ពិធីនេះត្រូវបានធ្វើឡើង នៅទីលានកីឡដ្ឋានវិទ្យាល័យបាកាន ដោយមានការចូលរួមពី លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្ត, លោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារចុះជួយឃុំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជិត១ម៉ឺននាក់។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានឱ្យដឹងថា ការប្រកួតកីឡា ដើម្បីអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» ដែលបានដំណើរការអស់រយៈពេល៥សប្តាហ៍កន្លងមកនេះ គឺជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោក កែវ រតនៈ និងលោកបណ្ឌិត ទី នរិន្ទ។ ការប្រកួតនេះ មានកីឡាករ កីឡាការនី ចូលរួមសរុបចំនួន៤០ក្រុម ស្មើនឹង៧៨៦នាក់ ស្រី២០៩នាក់។

លោកអភិបាលស្រុកបន្តថា ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ យើងបានរកឃើញលទ្ធផល ដែលត្រូវទទួលបានពានរង្វាន់ និងអមដោយកញ្ចប់ថវិកាមួយចំនួន របស់លោក កែវ រតនៈ និងលោកបណ្ឌិត ទី នរិន្ទ គឺ៖
*ទី១៖ វិញ្ញាសារបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករហនុមានFC, ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាករយុវជនវិទ្យាល័យបាកាន និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករកូនត្នោតFC។
*ទី២៖ វិញ្ញាសារបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករក្លឹបបាកានSport, ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាករក្លឹបគ្រូឆុនត្រពាំងជង និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករក្លឹបយុវជនស្នាមព្រះ។
*ទី៣៖ វិញ្ញាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនីក្លឹបស.ស.យ.ក បាកាន, ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាការិនីក្លឹបហនុមានFC និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីក្លឹបស្វាយដូនកែវសន្តិភាព។
*ទី៤៖ វិញ្ញាសារបាល់ទះនារី ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាការិនីក្លឹបកូននាគស្លាបហង្ស, ចំណាត់ថ្នាក់លេខ២ ក្រុមកីឡាការិនីក្លឹបយុវជនវិទ្យាល័យបាកាន និងចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាការិនីក្លឹបយុវជនវិទ្យាល័យអូរតាប៉ោង។ ក្រៅពីនោះ ក៏មានប្រគល់ថវិកាលើកទឹកចិត្ត ដល់តំណាងក្រុមហ៊ុន និងកីឡាការិនីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងក្រុមកីឡាវ័យចាស់ របស់រដ្ឋបាលស្រុកបាកាន និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ផងដែរ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើរ ដល់គ្រូបង្វឹក គណៈកម្មការ កីឡាករ កីឡាការនី និងក្រុមការងារគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងរៀបចំ និងធ្វើការប្រកួតអស់រយៈពេល៥សប្តាហ៍កន្លងមក ដើម្បីទទួលពានរង្វាន់ ៧ មករា នៅក្នុងស្រុកបាកាន ឱ្យដំណើរការទៅយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ និងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នា ដែលជាគម្រូមួយដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ។ ពិតណាស់ ពិធីបិទការប្រកួតកីឡានាថ្ងៃនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» និងជាឱកាសមួយដ៏ល្អ ដែលយើងទាំងអស់គ្នា បានជួបជុំគ្នាដោយគ្មានការភ័យខ្លាច ក្រោមម្លប់សន្តិភាព។

លោកបានបន្តថា ៧ មករា គឺជាទិវាមហាជ័យជំនះ របស់ប្រជាជនកម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាម ថ្ងៃ៧ មករា ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា (បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ)។

រយៈពេល៤៦ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេច នូវគុណបំណាច់ដ៏ធំធេង របស់ថ្ងៃ៧ មករា ១៩៧៩ និងបានចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឥស្សរជនមួយចំនួនទៀត។

លោក កែវ រតនៈ បន្តថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សាសន្តិភាព ពូនជ្រុំនូវរាល់សមិទ្ធផល និងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។ ស្របពេលដែលប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ខេត្តពោធិ៍សាត់ក៏ទទួលបាននូវសមិទ្ធផលធំៗ និងថ្មីៗជាច្រើន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងធ្វើឱ្យជីវភាពពួកគាត់បានធូរធាមួយកម្រិតធំ។

លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមដំណើរជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានឱកាសថែរក្សាសុខសន្តិភាពបន្តទៀត៕