(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, និងអង្គការ ILO ប្រចាំកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលទ្ធផលការងារ ដ៏ត្រចះត្រចង់មួយទៀត គឺគម្រោងរោងចក្រកាន់តែប្រសើរ (BFC) ដែលបានលើកកម្ពស់លក្ខខណ្ឌការងារ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរកាន់តែប្រសើរ ព្រមទាំងបង្កើនទំនុកចិត្តដល់ អ្នកបញ្ជាទិញពីបរទេស ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

ការលើកឡើងនេះ ត្រូវបានលើកយកមកបញ្ជាក់ក្នុងសន្និសីទខួបលើកទី១៥ឆ្នាំ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្រោមសហអធិបតីភាព លោក អ៉ិត សំហេង, លោក ប៉ាន់ សូរស័ក្តិ, និងលោក Maurizio Bussi នាយកការិយាល័យអង្គការ ILO ប្រចាំកម្ពុជា នាសណ្ឋារគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះ លោក អ៉ិត សំហេង បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី៨ ក្នុងចំណោមប្រទេសទាំង១៣ ដែលជាប្រទេសនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងច្រើនជាងគេ។ «គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦ ការនាំចេញសរុបក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា មានតម្លៃ ៣,៤៩១លានដុល្លារ ស្មើនឹង ៧៣ភាគរយ នៃតម្លៃនាំចេញសរុប»

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយផ្ដោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ រួមមាន៖ ទី១.បន្តលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើង, ទី២.ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និយោជិត, ទី៣.បន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្តប្រយោជន៍របស់កម្មករ និយោជិត, ទី៤.ពង្រឹងប្រព័ន្ធអនាម័យ និងសុវត្ថិភាពការងារ, ទី៥.ពង្រឹង និងពង្រីកសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ, និងទី៦.ពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។

លោក ប៉ាន់ សូរស័ក្តិ បានឱ្យដឹងដែរថា «ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស នៅឆ្នាំ២០១៥ មានទឹកប្រាក់សរុប ៨,០៣៧ដុល្លារ»

លោករដ្ឋមន្រ្តី ប៉ាន់ សូរស័ក្តិ បានបន្តថា កំណើននេះ គឺទទួលបានពីលទ្ធផលនៃការអនុវត្តគោលនយោបាយ នៃការផ្សាភ្ជាប់ពាណិជ្ជកម្ម ជាមួយបទដ្ឋានការងារ ហើយបានប្រែក្លាយកេរ្តិ៍ឈ្មោះកម្ពុជា ទៅជាប្រទេសឈានមុខគេនៅក្នុងពិភពលោក និងជាគំរូដ៏ល្អសម្រាប់ប្រទេសមួយចំនួន យកទៅធ្វើជាបទពិសោធន៍ ក៏ដូចជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការបន្ថែមការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

នាយកការិយាល័យអង្គការ ILO ប្រចាំកម្ពុជា លោក Maurizio Bussi ក៏បានថ្លែងដែរថា ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះ គឺជាការផ្សាភ្ជាប់ទំនាក់ទំនងឧស្សាហកម្មកាត់ដេរ វ័យក្មេងរបស់កម្ពុជា ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងពិភពលោក និងជាកម្មវិធីដែលរៀបចំដោយកិច្ចព្រមព្រៀងការងារ រវាងរាជរដ្ឋាភិបាល និយោជក កម្មករ អ្នកវិនិយោគទុន និងអង្គការអន្តរជាតិនានា។

សូមជម្រាបថា គោលបំណងនៃការបង្កើត «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» នេះ គឺដើម្បីបង្កើតឱ្យមានប្រព័ន្ធវាយតម្លៃឯករាជ្យ ដែលអាចជឿទុកចិត្តបាន និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាការអនុវត្តត្រឹមត្រូវនៃបទដ្ឋានការងារ ILO និងលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង៕