(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា ប្រជាពលរដ្ឋចំនួន២៣០គ្រួសារ ត្រូវបានអាជ្ញាធររបស់លោក ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយពីលំនៅដ្ឋានរបស់ពួកគាត់ ស្ថិតនៅតាមសង្កាត់មួយចំនួន ត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង នៅតាមស្ទឹងព្រែកត្នោត។
លោក នុត ពុធដារ៉ា បានបញ្ជាក់ថា នៅថ្ងៃស្អែក ក្រោមការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្សនោះ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមខណ្ឌដង្កោ នឹងនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋទាំង២៣០គ្រួសារនេះ។
បើតាមលោកអភិបាលខណ្ឌ គ្រោះជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន របស់ខណ្ឌរួមមាន៖ សង្កាត់ព្រៃស សង្កាត់ព្រៃវែង (តែទឹកបានស្រុកចុះជាបណ្តើរៗហើយ) សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់គងណយ និងសង្កាត់សាក់សំពៅជាដើម ប៉ុន្តែសង្កាត់ខ្លះប៉ះពាល់១ភូមិ និងខ្លះទៀតប៉ះពាល់២ភូមិ មិនមែនប៉ះពាល់ទាំងនោះទេឡើយ ហើយសម្រាប់ប្រជាពលរដ្ឋទាំង២៣០គ្រួសារ ដែលត្រូវជម្លៀសនេះ គឺមានការប៉ះពាល់ធ្ងន់ធ្ងរ ខណៈផ្ទះខ្លះគ្រាន់តែលិចនៅក្រោមផ្ទះ តែពួកគាត់អាចរស់នៅបាន។
សូមបញ្ជាក់ថា បន្តរហូតមកដល់រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារក្រសួងធនធានទឹក ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ សហការជាមួយអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បាន និងកំពុងបន្តប្រតិបត្តិការចុះជួយអន្តរាគមន៍ទប់ទឹក នៃការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលអាចមានការគំរាមកំហែងលិចលង់ ភូមិឋានរបស់អ្នកស្រុកនៅតំបន់នោះ។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់ថា ប្រតិបត្តិការនៅយប់មិញ មានការលំបាកបន្តិចដោយសារតែតួទំនប់តូច ដែលពិបាកលើការចល័តគ្រឿងចក្រ ប៉ុន្តែនៅព្រឹកនេះ ក្រុមការងារក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ កំពុងបន្តរកបច្ចេកទេសបន្ថែមទៀត ដើម្បីទប់ទឹកដែលកំពុងហូរច្រោះតាមទំនប់សណ្តរ និងការហូរកាត់ផ្តាច់ផ្នែកទំនប់មួយកន្លែង។
សម្រាប់គ្រោះធម្មជាតិមួយនេះត្រូវបានអ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា ពន្យល់ថា នៅតាមស្ទឹងព្រែកត្នោត គឺមានទំនប់២ ត្រូវបានលើកនៅសងខាង ដែលហៅថា «ទំនប់សណ្តរ» ដើម្បីទប់ទឹកហូរចេញពីស្ទឹង លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពទឹកមិនឡើងខ្លាំង ទើបតែនៅពេលនេះឡើងខ្លាំង ធ្វើឲ្យដីទំនប់ដែលមិនសាំនឹងទឹកនោះ ពោលដីស្រួយ ត្រូវទឹកហូរច្រោះដែលគេហៅថា រុននាគ។ បើតាមលោក នុត ពុធដារ៉ា សម្រាប់គ្រោះធម្មជាតិមួយនេះ លោក បានណែនាំឲ្យមន្រ្តីមូលដ្ឋានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាំងពីខែមុនមកម្ល៉េះ ស្តីការកើនឡើងទឹកនៅតាមស្ទឹងព្រែកត្នោត ដោយសារតែការហូរធ្លាក់ពីខាងខេត្តកំពង់ស្ពឺ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា ក្នុងបរិមាណជាង២០០មីលីម៉ែត្រ បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើងយ៉ាងគំហកផងដែរ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតខាងលើ រងនូវការហូរច្រោះជារន្ធនាគ។
ចំពោះមុខបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បានផ្អាកដំណើរបំពេញបេសកកម្ម ចុះទៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីវិលមកដោះស្រាយបញ្ហាបង្វែរទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាលវិញ៕