(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានរិះគន់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលនេះកំពុងបង្កើតចេតនា ឲ្យមានការដោះដូរអ្នកទោសច្រើនជាងការតស៊ូមតិតាមផ្លូវច្បាប់។ លោកចាត់ទុកថា លោក សម រង្ស៊ី ពេលនេះ «កំពុងពុលក្តួច» នៅឯនាយសមុទ្រ។
ការអះអាងរបស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស លើកឡើងថា លោកសុខចិត្តជាប់ពន្ធនាគារជំនួសសកម្មជន និងមន្រ្តីរបស់លោក ដែលកំពុងជាប់នៅពន្ធនាគារព្រៃស បើសិនជាគណបក្សកាន់អំណាច និង តុលាការយល់ព្រម។
ចំពោះរឿងនេះ លោក ពេជ្រ ស្រស់ បានរិះគន់ លោក សម រង្ស៊ី ថាបានរៀនច្បាប់លើសកំណត់ ទើបចង់ដោះដូរអ្នកទោសបែបនេះ។ លោកថា លោក សម រង្ស៊ី កំពុងបង្កើតនូវសកម្មភាព ប្រឆាំងទៅនឹងច្បាប់ ហើយលទ្ធផលចុងក្រោយសង្គមនឹងធ្លាក់ក្នុងស្ថានភាពអនាធិបតេយ្យ។
លោកពេជ្រ ស្រស់ បានបង្ហោះយ៉ាងដូច្នេះថា «លោក សម រង្ស៊ី កំពុងពុលក្តួចនៅឯនាយសមុទ្រហើយព្រោះថា លោកបានរៀនច្បាប់លើសកំណត់ទើបគាត់ប្រកាសចង់ដោះដូរអ្នកទោសបែបនេះ។ ក្នុងន័យនេះមេដឹកនាំនយោបាយចាស់វស្សា សម រង្ស៊ី កំពុងបង្កើតនូវសកម្មភាព ប្រឆាំងទៅនឹងច្បាប់ ហើយលទ្ឋផលចុងក្រោយសង្គមនឹងធ្លាក់ក្នុងសភាពអនាធិបតេយ្យ»។
Fresh News មិនអាចស្វែងរកការឆ្លើយបំភ្លឺពីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ខណៈ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងខ្លីថា លោកកំពុងជាប់រវល់។
កាលពីម្សិលមិញ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា នៅកម្ពុជាមិនមានច្បាប់ឱ្យជាប់ពន្ធនាគារជំនួសនៅទេ ហើយការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត ឬអ្នកផ្តើមគំនិត ដែលជាទណ្ឌិតដោយផ្ទាល់។
សូមបញ្ជាក់ថា លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ពេលនេះលោកក៏កំពុងញ៉ាំញីដោយពាក្យបណ្តឹង ក្នុងនោះមាន បណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន , បណ្តឹងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តឹង មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែង បំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ជាដើម៕