(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចជលផលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្រ្កាបបទល្មើសនេសាទចំនួន២ស្រុក ព្រមគ្នា មានស្រុកកោះធំ និងស្រុកស្អាង ដោយបានសហការជាមួយអាជ្ញាធរ នៃស្រុកទាំងពីរ ហើយជាលទ្ធផល កម្លាំងសមត្ថកិច្ចរឹបអូសបានឧបករណ៍នេសាទ ខុសច្បាប់ជាច្រើន ដើម្បីដុតបំផ្លាញចោល នៅនឹងកន្លែង។
នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក វ៉ិត ធារិទ្ធ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា បន្ទាប់ពីមានការណែនាំ ពីសំណាក់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល រួចមក រូបលោក បានដឹកនាំកម្លាំងរបស់សង្កាត់រដ្ឋបាលជលផល ស្រុកកោះធំ សហការជាមួយគណបញ្ជាការឯកភាព ស្រុកកោះធំ ដែលមានកម្លាំងសរុប៥៦នាក់ មធ្យោបាយធ្វើដំណើរ មានស៊ីខេកាណូត ចំនួន៧គ្រឿង ធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកពន្លា ឃុំព្រែកជ្រៃ និងចំណុចបឹងតូច បឹងធំ។
លោកបន្តថា ជាលទ្ធផលសមត្ថកិច្ចជលផល បង្ក្រាបបានឧបករណ៍ នេសាទខុសច្បាប់ជាច្រើនរួមមាន សៃយ៉ឺនស្បៃមុងចំនួន១៣០ មាត់លូ របាំងស្បៃមុង ប្រវែង ១៣១០០ម៉ែត្រ បង្គោលស្មាច់ចំនួន ១០៣៩ដើម, លបក្តាមប្រើនុយចំនួន២៥គ្រឿង និងចាក់លែងកូនត្រីចំនួន ២៣០គីឡូក្រាម។
ដោយឡែក នៅក្នុងស្រុកស្អាង ឯណេះវិញ កម្លាំងជលផលសង្កាត់ស្អាង បានសហការជាមួយរដ្ឋអំណាច ឃុំរកាខ្ពស់ និងប៉ុស្តិ៍នគបាលរកាខ្ពស់ បានចុះ បង្រ្កាបបទល្មសជលផលនៅចំណុច មុខវត្តទួលក្រសាំង ដោយក្នុងនោះមានសមាសភាព ចំរុះចូលរួម សរុបចំនួន០៨ នាក់ មធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៤គ្រឿង ហើយជាលទ្ធផល សមត្ថកិច្ចជលផល បង្ក្រាបបានឧបករណ៍ នេសាទខុសច្បាប់ជាច្រើន រួមមាន លូស្បៃមុងចំនួន០៩មាត់, របាំងព្រួលចំនួន៨០០ម៉ែត្រ, បង្គោលចំនួន១៥០ដើម និងចាក់លែងកូនត្រី ចំរុះចំនួន៥ គីឡូក្រាម។
លោក វ៉ិត ធារិទ្ធ បន្តទៀតថា រាល់ឧបករណ៍នេសាទទាំងអស់ ដែលសមត្ថកិច្ចជលផលរឹបអូសបាន គឺត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង បង្ក្រាបជាក់ស្ដែងតែម្ដង។ សកម្មភាពបង្រ្កាបនេះ គឺត្រូវបានធ្វើឡើងជាប្រចាំ ដូចភ្លៀងរលឹម មិនថាតែរដូវបិទនេសាទ ឬរដូវបើកនេសាទនោះទេ ព្រោះការប្រើប្រាស់សៃយ៉ឺនស្បៃមុង, របាំងស្បៃមុង និងឧបករណ៍ឆក់ ដើម្បីនេសាទត្រី គឺជាឧបករណ៍ខុសច្បាប់ ដែលអាជ្ញាធរ ត្រូវហាមឃាត់ទាំងរដូវបិទ និងរដូវបើកនេសាទ៕