(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នឹងធ្វើការជ្រើសរើសមន្ដ្រីនគរបាល ១២០នាក់ មកពីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីយកទៅបង្ហាត់បង្រៀន ជំនាញការពារ ទប់ទល់បាតុកម្ម។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។
លោកស្នងការ បានបញ្ជាក់ថា ការជ្រើសរើសមន្ដ្រីនគរបាល១២០នាក់ ទៅបង្ហាត់បង្រៀនជំនាញការពារ ទប់ទល់បាតុកម្មនេះ គឺដើម្បីអនុវត្តតាមគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្របតាមសភាពការណ៍ជាក់ស្ដែង លើការងារសន្ដិសុខ នយោបាយ នាពេលបច្ចុប្បន្ននេះ និងដើម្បីការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងការបង្ការទប់ស្កាត់ សកម្មភាពបង្កចលាចល ការធ្វើមហាបាតុកម្ម និងបាតុភាពមិនប្រក្រតីផ្សេងៗ ដែលបង្កឡើយដោយក្រុមញុះញុង ប្រឆាំងរាជរដ្ឋាភិបាល ក្រុមជនអគតិ នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ។
លោកស្នងការ បន្ថែមថា វគ្គបំប៉នជំនាញការពារទប់ទល់បាតុកម្ម (វគ្គទី១) ដល់មន្ដ្រីនគរបាលដែលជាកម្លាំងស្រួចនេះ មានរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែតុលា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧៦ខាងមុខនេះ ហើយបង្ហាត់បង្រៀនដោយគ្រូបង្គោលស្នងការដ្ឋាន ចំនួន៣០នាក់ ដែលទើបបានបញ្ចប់វគ្គបំប៉ន ជំនាញខាងលើនេះ រយៈពេល៣ខែ នៅសាលានគរបាលជាតិ មិត្តភាព កម្ពុជា-វៀតណាម។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបន្ដថា «ក្រៅពីការហ្វឹកហាត់ជំនាញនេះ យើងខ្ញុំបានបញ្ចូលក្នុងកម្មវិធី ឲ្យសិក្ខាកាមទាំងអស់ហ្វឹតហាត់ជំនាញបង្ការ-ពន្លត់អគ្គីភ័យ បន្ថែមទៀត ដើម្បីធានាបាននូវពេលមានហានិភ័យ កើតឡើងដោយចៃដន្យ យើងមានកម្លាំងគ្រប់គ្រាន់ទាំងនៅស្នងការដ្ឋាន និងតាមអធិការដ្ឋាននគរបាលស្រុក-ក្រុង ទាំង១០ ហើយវគ្គបំប៉នជំនាញខាងលើនេះ យើងខ្ញុំបានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ មានឧបករណ៍សម្ភារៈ សម្រាប់ធ្វើការហ្វឹតហាត់ដូចជា ឯកសណ្ឋាន ខែល ខ្នោះដៃ គ្រាប់បែកផ្សែងគ្មានអម្បែង និងមន្ដ្រីចូលរួមសម្ដែងជាក្រុមបាតុករ ផ្ទាល់ជាក់ស្ដែងតែម្ដង»៕