(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី១៥ឆ្នាំ នៃកម្មវិធីរោងចក្រកាន់ តែប្រសើរនៅកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា «ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេស នៅឆ្នាំ២០១៥ មានទឹកបា្រក់សរុប ៨,០៣៧ លានដុល្លា នៅក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ បានកើនដល់ ៥៧៤១ លានដុល្លាអាមេរិក ដែលចំនួននេះធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ ឈានមុខគេនៅក្នុងតំបន់»។
លោករដ្ឋមន្ត្រី បានបន្តថា ការផ្សារភ្ជាប់វិស័យពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងការគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបាននាំឲ្យកម្ពុជាក្លាយជា ប្រទេសគំរូ សម្រាប់ប្រទេសមួយចំនួនរៀនសូត្រតាម ហើយប្រការនេះ បានបង្កើនទំនុកចិត្ត ដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការបញ្ជាទិញ ផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌ នៅកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នា នេះលោករដ្ឋមន្ដ្រី បានសម្ដែងនូវការគាំទ្រ នូវស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរ កន្លងមករវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តគម្រោង ហើយលោករដ្ឋមន្ដ្រី នឹងបន្តគាំទ្រ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» ដើម្បីសម្រេចបានថែមទៀតនូវលក្ខខណ្ឌការងារ និងការការពារសិទ្ធិរបស់កម្មករកាន់តែល្អ សម្ដៅធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យ នៃឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជា គឺការក្លាយជា មជ្ឈមណ្ឌលល្អប្រសើរជាងគេ នៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ Centre of Excellence of Garment Industry in Southeast Asia។
ជាចុងបញ្ចប់ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារ ដែលបានរៀបចំចប់សព្វគ្រប់នូវ «អនុស្សរណៈ នៃការយោគយល់រវាង រាជរដ្ឋាភិបាល នៃកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែ ប្រសើរនៅកម្ពុជា» សម្រាប់បន្តអនុវត្តឆ្នាំ២០១៧ ដល់២០១៩ ដែលនឹងត្រូវចុះហត្ថលេខានៅរសៀលនេះ៕