(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីដែលប្រឡងជាប់និទ្ទេស A ចំនួន ១៩១រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់ និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខាសរុបចំនួន ២,៧៩៧នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាលាប៊ែលធី អន្តរជាតិ មាន៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខា កំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា ចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ (ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង៩៥.៧៦% និងមានសិស្សនិទ្ទេស A ចំនួន ១៩១នាក់។ ចំពោះសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ ទី១៖ ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និងទី២៖ ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្ស គ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១៩១រូប បានចែករំលែកបទពិសោធន៍ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ៤គឺ១៖ កត្តាខ្លួនឯង, ២៖ កត្តាគ្រួសារ, ៣៖ កត្តាសាលា និង៤៖ កត្តាសង្គម រួមមានដូចខាងក្រោម៖

ទី១- កត្តាខ្លួនឯង ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ
២- កត្តាគ្រួសារ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ, ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ, អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើកទឹកចិត្តបុត្រធីតា និងសហការល្អ ជាមួយគណៈគ្រប់គ្រងសាលា
៣- កត្តាសាលា មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព, បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿងបរិក្ខា និងសម្ភារឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា
៤- កត្តាសង្គម ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ ។ ជាពិសេសបានចែករំលែកបទពិសោធន៍ ជោគជ័យរបស់ខ្លួនជូន ដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង។

លោកបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើស រើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត និងលោកស្រី បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១៩១រូប នាយកសាខា និងលោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៣៥រូប ផងដែរ៕