(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះ មរណភាពរបស់ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវសេចក្តីសង្វេគ សោកស្ដាយស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ មរណភាពរបស់ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់ភរិយា ម្តាយបង្កើត ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី។
សម្តេចកិត្តិសង្គហបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕