(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមបង្កាគ្រោះថ្នាក់ចរាចរណ៍ ទៅលើកម្មករនិយោជិត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ រថយន្ដដឹកកម្មករនិយោជិត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបើកយុទ្ធនាការផ្តល់បណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករ និងបិទស្ទីគ័រចំណាំងផ្លាតសុវត្ថិភាព លើរថយន្តដឹកកម្មករ នៅខេត្តកោះកុង។
លោក ជាវ ប៊ុនរិទ្ធ តំណាង លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ រថយន្ដដឹកកម្មករនិយោជិត បានឱ្យដឹងថា យុទ្ធនាការនេះ បានធ្វើឡើងតំបន់សេដ្ឋកិច្ចពិសេស នាង កុក និងក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី(CAMKO MOTOR COMPANY LTD) ខេត្តកោះកុង ដើម្បីរៀបចំពិធីចែកបណ្ណបើកបរ ជូនអ្នកបើកបររថយន្តដឹកកម្មករចំនួន ៨៧នាក់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងគោលបំណងចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូន កម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចំពោះមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនៅកម្ពុជា។
គោលដៅចម្បងរបស់ក្រុមការងារនេះ គឺ ទី១ ផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករ-កម្មាការិនី និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ទី២ បណ្តុះបណ្តាល ប្រឡង ផ្តល់ប័ណ្ណបើកបរជូនអ្នកបើកបររថយន្តដឹកកម្មករ ទី៣ បណ្តុះបណ្តាលច្បាប់ ចរាចរណ៍ដល់ប្រតិភូបុគ្គលិក រដ្ឋបាល សហជីពមូលដ្ឋានតាមបណ្តារោងចក្រ ដើម្បីចូលរួមផ្សព្វផ្សាយ បន្តដល់កម្មករ-កម្មាការិនី និងទី៤ គឺបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់គ្រូពេទ្យប្រចាំរោងចក្រ ប្រតិភូបុគ្គលិក រដ្ឋបាល សហជីពមូលដ្ឋានតាមបណ្តារោងចក្រ និងទី៥ ធ្វើបច្ចុប្បន្នភាពស្ថិតិយានយន្តដឹកកម្មករ និងបិតស្ទីគ័រចំណាំងផ្លាតសម្រាប់យានយន្ត អ្នកបើកបរដឹកកម្ម៕