(ភ្នំពេញ)៖ បង្គន់អនាម័យចំនួន៤២២ ត្រូវបានអង្គភាពជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រៀបចំដាក់ពង្រាយតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញនេះ ដើម្បីត្រៀមទុកសម្រួលដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦នេះ ហើយអាជ្ញាធរក៏ត្រៀមកម្លាំង២៩០នាក់ផងដែរ ដើម្បីសម្រួលផ្នែកអនាម័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បង្គន់អនាម័យដែលត្រៀមដាក់ពង្រាយនោះ មានបង្គន់ថ្មដែលមានស្រាប់ បង្គន់ចល័ត និងបង្គន់ជីកដី ដែលត្រូវបានដាក់ពង្រាយនៅ សួនមុខដអរិយក្សត្រ សួនខាងត្បូងក្រុមសម្តេចឪ សួនក្រមង៉ុយ សួនមុខវត្តបុទុមវតី្ត ទីលានប្រជាធិបតេយ្យ សួនសម្តេចហ៊ុនសែន សួនមហោស្រពមុខរដ្ឋសភា សួនមុខវត្តលង្កា សួនមាត់ទន្លេ ជាប់របងខាងលិចវាលព្រះមេរុ សួនឆ្នេរទន្លេ សួនខាងជើងផ្សារចាស់ សួនកុមារវត្តភ្នំ សួនច្បារមុខCDC ក្នុងបរិវេណសាលចតុមុខ គល់ស្ពានភ្លោះកោះពេជ្រ សួនខាងត្បូងសាលាចតុមុខ ក្នុងបរិវេណផ្សាររាត្រី សួនមុខទូតបារាំង សួនមុខសូគីម៉ិចឬស្សីកែវ និងបង្គន់ជីករណ្តៅសម្រាប់កីឡាករអុំទូកនៅជ្រោយចង្វារត្រើយខាងកើតមានចំនួន២០០បង្គន់ផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្រៅពីរៀបចំបង្គន់អនាម័យខាងលើនេះ មន្ទីរក៏បានដាក់ពង្រាយ ប្រព័ន្ធភ្លើងចម្រុះពណ៌នៅតាមដើមឈើ និងបង្គោលភ្លើង សម្រាប់លំអរ និងបំភ្លឺក្នុងរាជធានីឲ្យបានច្រើនថែមទៀត ដើម្បីជួយលើកសោភណ្ឌភាពទីក្រុងឲ្យសាកសមនឹងព្រះរាជពិធី និងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញតែម្តង។
ចំណែកលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិរាជធានីភ្នំពេញ បានឲ្យដឹងថា ព្រះរាជពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦នេះ អង្គភាពរបស់លោក បានរៀបចំកំលាំងប្រចាំការសម្រាប់បោសសំអាត និងប្រមូលសំរាមតាមសួនច្បារមានចំនួន២៩០នាក់ ដោយចាប់ផ្តើមបោសសំអាតចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៨ព្រឹក និងបានត្រៀមសម្ភារៈគ្រប់គ្រាន់រួចហើយ។
លោកបានបន្តថា ក្នុងការងារបោសសំអាតនោះ អង្គភាព បានត្រៀមកម្មករសម្រាប់បោសមានចំនួន១៧៧នាក់ កម្មករកើបសំរាម រថយន្ត០៧គ្រឿងអ្នកបើកបរ១០នាក់ កម្មករសំអាតបង្គន់៣០នាក់ និងសន្តិសុខសួនមានចំនួន២០នាក់ផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕