(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ បានដឹននាំ មន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ប្រគល់ជូនគ្រួសារចាស់ជរាគ្មានទីពឹង ទីទ័លក្រ ចំនួន ២០គ្រួសារ រងគ្រោះដោយអគ្គីភ័យ ០២គ្រួសារ និងលង់ទឹកស្លាប់ ១គ្រួសារ នៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

  លោក វ៉ី សំណាង ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយឯកឧត្ដម ក៏បានលើកអំពីភូមិ ឃុំមានសុវត្ថិភាព ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពជាចម្បង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ការប្រុងប្រយ័ត្នអំពីអគ្គីភ័យដែលអាចកើតមានដោយយថាហេតុ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកូនចៅពីជំងឺគ្រុនឈាម ការចូលរួមដាំដើមឈើតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ការរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ និងបានផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុផងដែរ។

អំណោយសម្រាប់ប្រគល់ជូនគ្រួសារ ចាស់ជរាគ្មានទីពឹង និងទីទ័លក្រ មានដូចជា៖ អង្ករ ២៥គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១  ត្រីខ១យួរ មី១កេស ប្រេងឆា ១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដប និងថវិកាមួយចំនួន។ គ្រួសាររងគ្រោះដោយសារអគ្គីភ័យទទួលបានអង្ករ ២៥ គីឡូ តង់ធំ១ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា ១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដប និងថវិកាមួយចំនួន។ សម្រាប់ប្រគល់ជូនគ្រួសារលង់ទឹក មានដូចជា៖ អង្ករ ២៥គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច ២កេស ត្រីខ ១យួរ មី១កេស ប្រេងឆា ១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដប និងថវិកាមួយចំនួន៕