(ភ្នំពេញ)៖ នៅទីបំផុត ម្តាយមីង២នាក់ និងមេការសំណង់ម្នាក់ ដែលពាក់ព័ន្ធទៅនឹងសំណុំរឿងបង្ខាំង និងចាក់ច្រវ៉ាក់ជើងក្មេងស្រី អាយុ១៣ឆ្នាំ ត្រូវបានលោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសរួចរាល់ហើយ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ។
ក្នុងសំណើរឿងនេះ តុលាការបានសម្រេចផ្តន្ទាទោស ម្តាយមីងរបស់ជនរងគ្រោះឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗរយៈពេល៣ឆ្នាំ ពីបទ អំពើអូសទាញពេស្យាចារកុមារ បទប្បញ្ញត្តិមានចែងតាមមាត្រា៣៥ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទនិងមេការសំណង់ម្នាក់រយៈពេល៣ឆ្នាំ៦ខែពីបទ ការទិញពេស្យាចារកុមារ បទប្បញ្ញត្តិមានចែងតាមមាត្រា ៣៤ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង អំពើអាជីវកម្មផ្លូវភេទ។
ជនជាប់ចោទទាំង៣នាក់ខាងលើ ទី១. ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ២. ឈ្មោះជា ទីណា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជនជាប់ចោទទាំង២រូបនេះ ត្រូវជាម្តាយមីង របស់ក្មេងស្រីជនរងគ្រោះ។ រីឯជនជាប់ចោទមួយរូបទៀតឈ្មោះ ឆិន ឆាយលី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានតុលាការបង្គាប់ឲ្យ សងសំណងជំងឺចិត្ត ទៅដើមបណ្ដឹង ឈ្មោះខាត់ គ្រី ចំនួន៨លានរៀលផងដែរ។
គួរបញ្ជាក់ថា ជនជាប់ចោទទាំង៣បីនាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅខណ្ឌឬស្សីកែវ នៅក្នុងប្រតិបត្តិការបង្រាបអំពើបង្ខាំងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដាក់ច្រវាក់ជើង ហើយបង្ខំអោយរួមភេទជាមួយបុរសចំណាស់ ជាថ្នូរនិងប្រាក់ចំនួន១០០០ដុល្លារ ។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនីតិជនក្រុងភ្នំពេញ បានរាយការណ៍ឲ្យដឹងថា ក្រោយពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកស្នងការនគរបាល ក្រុងភ្នំពេញ និងលោកព្រះរាជអាជ្ញាអមតុលាការ បានអនុញាតឲ្យចូលត្រួតពិនិត្យលំនៅស្ថាន ខ្មែរអ៊ីស្លាមមួយក្នុងខ័ណ្ឌឬស្សីកែវ ។ ក្នុងការឆែកឆេនេះ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីពីរនាក់និងបុរសម្នាក់ដែលជាប់ពាក់ព័ន្ធ និង បទល្មើស ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះទុកលក់ផ្លូវភេទ ។
លោក កែវ ធាបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ទី២ឈ្មោះ ជា ទីណា ភេទស្រីអាយុ២៧ឆ្នាំ ជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះតែម្ដង ។ ចំណែកបុរសដែលទិញការរួមភេទជាមួយក្មេងស្រីរងគ្រោះពីម្ដាយមីង ឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ។ ក្រុមជនសង្ស័យត្រូវបានរសាកសួរនៅនគរបាលកិរិយាល័យប្រឆាំងការជួញដូរមនុស្ស ហើយ កសាង សំណុំរឿង បញ្ជូនឡើងតុលាការចោទប្រកាន់តាម្លូវច្បាប់ ។
សមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការឆែកឆេនេះបានរាយការអោយដឹងថា កាលពីដើមឆ្នាំ២០១៥ ម្ដាយមីងរបស់ក្មេងស្រីរងគ្រោះ បានលួងលោមក្មួយស្រីរបស់ខ្លួន ដែលជាក្មេងកំព្រាយក ទៅលក់ខ្លួន ឲ្យបុរស ឈ្មោះ ឈឹម ឆៃលី បានប្រាក់ចំនួន១០០០ដុល្លារ ។ ក្រោយមកម្ដាយមីងទាំងពីនាក់ បានលួងលោមក្មួយស្រីរបស់ខ្លួនអោយធ្វើជាស្រីកំណាន់របស់ឈ្មោះ ឈឹម ឆៃលី ទៀត តែឈ្មោះ ជ.ណ.រ មិនព្រមក៏ត្រូវ ម្ដាយមីងចិត្តតិរច្ឆានរូបនោះ ចាប់ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះរហូតមកដើម្បីលក់ខ្លួនអោយឈ្មោះ ឈេម ឆៃលី ម្ដងម្កាល ។
លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះបានរើរួច ពីច្រវាក់របស់ម្ដាយមីង ក៏រត់មករកអ្នកជិតខាងឲ្យជួយនាំទៅ សមត្ថកិច្ចដាក់ពាក្យប្ដឹងតែម្ដង៕