(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងដោយប្តេជ្ញាចិត្ត ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ នឹងរួមគ្នាបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមឲ្យកាន់តែផុលផុសថែមទៀត ដោយផ្តើមចេញពីខ្លួនឯង គ្រួសារ សហគមន៍ ក្នុងការធ្វើការផ្លាស់ប្តូរទម្លាប់ ពីការបន្ទោបង់ពាសវាលពាសកាល មកសាងសង់បង្គន់អនាម័យប្រើប្រាស់ ហូបទឹកស្អាត លាងដៃជាមួយសាប៊ូ ព្រមទាំងជួយណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លូន ដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយសុខមាលភាពទាំងអស់គ្នា។
ការថ្លែងបែបនេះរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អាជ្ញាធរស្រុកជ័យសែន តំណាងអង្គការទស្សនៈពិភពលោកប្រចាំស្រុកជ័យសែន ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូបទៀត ចូលរួមប្រកាសទទួលស្គាល់ជាផ្លូវការ ឃុំច្រាច់ នៃស្រុកជ័យសែន ជាឃុំសម្រេចបាន «ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល» នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
លោក អ៊ុក គឹមសាន បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំច្រាច់ ដែលត្រូវបានគណៈកម្មាការបានវាយតម្លៃទទួលស្គាល់ជាផ្លូវការ ក្លាយជាឃុំគំរូក្នុងស្រុកជ័យសែន ជាឃុំសម្រេចបានការបញ្ចប់ «បន្ទោបង់ពាសវាលពាសកាល» ODF និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការទស្សៈពិភពលោក និងអង្គការដៃគូនានា ដែលកន្លងមកបានជួយគាំទ្រ ទាំងផ្នែកស្មារតី សម្គារៈ និងបច្ចេកទេស ក្នុងដំណើរអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទក្នុងខេត្តព្រះវិហារ ជាពិសេសនៅស្រុកជ័យសែន។ លោកថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នេះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសជួយដល់សុខភាពរបស់គាត់ និងកាត់បន្ថយជំងឺផ្សេងៗ។
បើតាមលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្លែងឲ្យដឹងថា សម្រាប់ឃុំច្រាច់ នៃស្រុកជ័យសែន ជាឃុំទី៩ នៅក្នុងខេត្តព្រះវិហារ ដែលសម្រេចទទួលបាននូវជ័យលាភី ក្នុងការបញ្ចប់បន្ទោបង់ពាសវាលពាសកាលរបស់បងប្អូនប្រជាពលរដ្ឋយើងរស់នៅជនបទ បានចូលរួមសម្រេចODF។ លោកថា នៅឃុំច្រាច់មានភូមិរដ្ឋបាលចំនួន៦ភូមិ ដែលពលរដ្ឋចូលរួមសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល គឺគ្រប់ខ្នងផ្ទះមានបង្កន់អនាម័យប្រើប្រាស់ជាលក្ខណៈគ្រួសារទូទាំង៦ភូមិ ក្នុងឃុំច្រាច់។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះនៅទូទាំងខេត្តព្រះវិហារ យើងសម្រេចបានឃុំ ODF ចំនួន៩ឃុំ នៃ៥១ឃុំ សង្កាត់, ចំពោះភូមិសម្រេចបានជាភូមិ ODF ចំនួន ៦៤ភូមិ នៃភូមិសរុបចំនួន២៣២ភូមិ ហើយនៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ ខេត្តព្រះវិហារ គ្រោងជាខេត្តបញ្ចប់បន្ទោបង់ពាសវាលពាសកាល៕