(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែនការងារនគរបាលការពារព្រំដេនគោក និងលោកឧត្ដមសេនីយ៍ត្រី អុិន កាយ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន បានចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន ស្នងការរង ដែលបានទទួលមរណភាពកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដោយសារគាំងបេះដូង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន២,០០០,០០០រៀល, ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន៦,០០០,០០០រៀល, ថវិកា នាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន២,០០០,០០០រៀល, សារលិខិតរំលែកទុក្ខ និងថវិកាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចំនួន២,០០០,០០០រៀល, ថវិកា លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ចំនួន១,២០០,០០០រៀល ថវិកាថ្នាក់ដឹកនាំ នាយ-នាយរងនគរបាល និងមន្ត្រីនគរបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចំនួន១៤,០០០,០០០រៀល ប្រគល់ជូនលោកស្រី អោក សុខអែម ត្រូវជាភរិយាសពលោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខ ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានមានជ័យ ជូនលោកស្រី អោក សុខអែម និងបានចាត់ទុកមរណភាពរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន គឺជាការបាត់បង់នាយនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងនាមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សារឿន សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕