(កំពង់ចាម)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានចាត់ឲ្យលោកស្រី លំ គន្ធារី អភិបាលរងខេត្ត អមដំណើរដោយលោក ឡង គីស៊ឹង អភិបាលស្រុកសន្ទុក ចុះសួរសុខទុក្ខដល់ប្តីប្រពន្ធដែលរងគ្រោះដោយសារកូនបង្កើតប្រើអំពើហិង្សានៅមន្ទីរពេទ្យខេត្តកំពង់ចាម។
នាឱកាសនោះលោកស្រី លំ គន្ធារី បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីបញ្ហាជីវភាព សុខុមាលភាព និងសេចក្តីសុខរបស់បងប្អូនគ្រប់កាលៈទេសៈ ពិសេសសូមជូនពរឲ្យលោកទាំងពីរឆាប់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ ។
លោកស្រីបន្តក្នុងនាមអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ស្រុក មិនព្រងើយកន្តើយចំពោះបងប្អូននោះទេ ពិសេសបងប្អូនដែលរងគ្រោះនិងងាយរងគ្រោះ ។
លោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យនិងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងអស់ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ បំពេញបេសសកម្មថែទាំសុខភាពសាធារណៈនិងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដោយពុំគិតពីការនឿយហត់។
ដោយសេចក្តីរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុមគ្រួសារពីរនាក់ប្តីប្រពន្ធបានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អភិបាលខេត្តនិងក្រុមការងារទាំងអស់ បើទោះមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏បានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកដល់មន្ទីរពេទ្យ សូមឲ្យមានសេចក្តីសុខគ្រប់ពេលវេលា ។
គួរបញ្ចាក់ថា ករណីអំពើហឹង្សាកើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ លើជនរងគ្រោះជាប្តីឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈប្រពន្ធឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងបាក់ដៃទាំងពីរ ដោយជនបង្ករ ឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ ត្រូវជាកូនបង្កើត៕