(ភ្នំពេញ)៖ ក្រុមការងារក្រសួងធនធានទឹក ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ សហការជាមួយអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បាន និងកំពុងបន្តប្រតិបត្តិការចុះជួយអន្តរាគមន៍ទប់ទឹក នៃការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោតដែលអាចមានការគំរាមកំហែងលិចលង់ភូមិឋានរបស់អ្នកស្រុកនៅតំបន់នោះ។
យ៉ាងណាក៏ដោយអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានបញ្ជាក់ថា ស្ថានភាពទឹកមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ហើយទឹករាងស្រកចុះបន្តិចហើយ ក្រោយពីក្រសួងធនធានទឹក បានបិទទ្វារទឹកនៅផ្នែកខាងលើ ប៉ុន្តែក្រុមការងារទាំងអស់បាននិងកំពុងបន្តទប់ទឹក កុំឲ្យហូរបុកទៅកាន់ភូមិឋានរបស់អ្នកស្រុក បន្ទាប់ពីបានជួយអន្តរាគមន៍មួយយប់ទល់ភ្លឺរួចមក។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបញ្ជាក់ថា ប្រតិបត្តិការនៅយប់មិញ មានការលំបាកបន្តិចដោយសារតែតួទំនប់តូច ដែលពិបាកលើការចល័តគ្រឿងចក្រ ប៉ុន្តែនៅព្រឹកនេះ ក្រុមការងារក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ កំពុងបន្តរកបច្ចេកទេសបន្ថែមទៀត ដើម្បីទប់ទឹកដែលកំពុងហូរច្រោះតាមទំនប់សណ្តរនិងការហូរកាត់ផ្តាច់ផ្នែកទំនប់មួយកន្លែង។
សម្រាប់គ្រោះធម្មជាតិមួយនេះត្រូវបានអ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា ពន្យល់ថា នៅតាមស្ទឹងព្រែកត្នោត គឺមានទំនប់២ ត្រូវបានលើកនៅសងខាង ដែលហៅថា «ទំនប់សណ្តរ» ដើម្បីទប់ទឹកហូរចេញពីស្ទឹង លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពទឹកមិនឡើងខ្លាំង ទើបតែនៅពេលនេះឡើងខ្លាំងធ្វើឲ្យដីទំនប់ដែលមិនសាំនឹងទឹកនោះ ពោលដីស្រួយ ត្រូវទឹកហូរច្រោះដែលគេហៅថា រុននាគ។
ទឹកបានហូរច្រោះពីតូចទៅធំឡើងៗ ប៉ុន្តែស្ថានភាពនេះមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយលោករដ្ឋមន្រ្តី លឹម គានហោ កំពុងសហការជាមួយអាជ្ញាធរដឹកនាំកម្លាំងចុះទប់ស្កាត់ នៅកន្លែងនោះហើយ។
អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានបញ្ជាក់ថា សង្កាត់មួយចំនួន រួមមាន៖ សង្កាត់ព្រៃស និងសង្កាត់ព្រៃវែងជាដើម បានរងផលប៉ះពាល់នៃទឹកហូរច្រោះ ប៉ុន្តែមិនទាន់ដឹកប៉ុន្មានគ្រួសារ ដែលត្រូវទឹកជន់លិចនៅឡើយទេ ដោយអាជ្ញាធរមូលដ្ឋានរបស់លោកកំពុងសួរនាំបន្ត។
បើតាមលោក នុត ពុធដារ៉ា សម្រាប់គ្រោះធម្មជាតិមួយនេះ លោក បានណែនាំឲ្យមន្រ្តីមូលដ្ឋានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាំងពីខែមុនមកម្ល៉េះ ស្តីការកើនឡើងទឹកនៅតាមស្ទឹងព្រែកត្នោត ដោយសារតែការហូរធ្លាក់ពីខាងខេត្តកំពង់ស្ពឺ។
ក្នុងនាមអាជ្ញាធរខណ្ឌ លោក នុត ពុធដារ៉ា បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលទទួលផលប៉ះពាល់ និងអាចទទួលផលប៉ះពាល់ដោយសារទឹកជំនន់នេះសូមជួយរើឥវ៉ាន់ និងទ្រព្យសម្បត្តិ ខណៈអាជ្ញាធរបានស្វែងរកទីទួលសុវត្ថិភាពមួយចំនួនជូនពួកគាត់។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា ក្នុងបរិមាណជាង២០០មីលីម៉ែត្រ បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើងយ៉ាងគំហកផងដែរ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតខាងលើ រងនូវការហូរច្រោះជារន្ធនាគ។
ចំពោះមុខបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បានផ្អាកដំណើរបំពេញបេសកកម្ម ចុះទៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីវិលមកដោះស្រាយបញ្ហាបង្វែរទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាលវិញ៕