(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់២៣ នាក់បានស្លាប់បង់ជីវិត និង ជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ឆេះមន្ទីពេទ្យឯកជនមួយកន្លែង នៅឯទីក្រុង Bhubaneswar នៃរដ្ឋ Odisha's ស្ថិតនៅ ភាគខាងជើងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរនៅក្នុងតំបន់ដែល ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអង្គារ៍ ទី១៨ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅម៉ោងប្រមាណជា ៨៖០០នាទីយប់ (ម៉ោងនៅក្នុងតំបន់) នៅឯមន្ទីពេទ្យឯកជនមួយ ហើយភាគច្រើននៃជនរងគ្រោះគឺស្លាប់ដោយសារខ្វះខ្យល់ដក ដង្ហើម ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដទៃនៅក្នុងតំបន់។ ដោយឡែកបើតាមសារព័ត៌មាន ឥណ្ឌា អគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គសនី រីឯនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនឌ្រា មូឌី ក៏បានសម្ដែង មរណៈទុក្ខចំពោះសោដនាកម្មនេះដែរ ដល់គ្រួសារជនរងគ្រោះ។
សូមជំរាបថា អ្នកទទួលខុសត្រូវប៉ូលិសនៅក្នុងតំបន់ លោក Yogesh Khurania បានប្រាប់ AFPថា អ្នកជំងឺ សម្រាកនៅក្នុងមន្ទីពេទ្យខាងលើច្រើនជាង ១០០នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យផ្សេងទៀត ប៉ុន្តែភាគច្រើន នៅក្នុងចំណោមពួកគេ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ៕