(កំពង់ធំ)៖ តំណាងប្រជាពលរដ្ឋ ១៥៣គ្រួសារ រស់នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានលើកគ្នាមកតវ៉ា នៅខាងមុខសាលាស្រុកបារាយណ៍ ដើម្បីទាមទារប្រាក់ ថ្លៃដីរួមភូមិរបស់ពួកគាត់ចំនួន១៨,០០០ម៉ឺនដុល្លារ (ក្នុងផ្ទៃក្រឡា១២ហិចតា) នៅតំបន់វាលក្រោម ដែលត្រូវបានអាជ្ញាធរលក់ទៅឲ្យក្រុមហ៊ុនចិនមួយ តែមិនបានប្រគល់លុយឲ្យពួកគាត់ដូចប្រជាពលរដ្ឋ បានគ្រប់ចំនួន ក្នុងភូមិដទៃទៀត។
ការផ្ទុះការតវ៉ាដ៏ក្ដៅកគុកនេះ ប្រជាពលរដ្ឋរស់នៅភូមិអូរសួស្តី បាននិយាយប្រាប់ភ្នាក់ងារ Fresh News ថា នៅក្នុងឃុំបារាយណ៍ មានប្រជាពលរដ្ឋចំនួន១២ភូមិ ក្នុងនោះគឺមានដីរបបរួមភូមិនីមួយៗ ចំនួន១២ហិកតា ស្មើៗគ្នា ហើយដីទាំងនោះ ត្រូវបានអាជ្ញាធរលក់ទៅឲ្យក្រុមហ៊ុនចិនទាំងអស់ ក្នុងនោះដីរបបភូមិចំនួន ១១ភូមិទៀត បានទទួលលុយអស់ហើយ តែចំណែកភូមិអូរសួស្តីរបស់គាត់ បែរជាមិនបានទទួលលុយគ្រប់គ្រាន់ឡើយ។
ប្រជាពលរដ្ឋបានបន្តថា រឿងនេះពួកគាត់បានប្តឹងទៅសាលាខេត្តកំពង់ធំរួចម្តងហើយ តែលោកអភិបាលខេត្តកំពង់ធំ បានចារលិខិតបញ្ជូនឲ្យមកសាលាឃុំបារាយណ៍ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឡើងវិញ បន្ទាប់មកគេបានឃើញលោកមេឃុំបារាយណ៍ បានកោះហៅមេភូមិ និងតំណាងប្រជាពលរដ្ឋមកដោះស្រាយ តែបែរជាមេឃុំប្រគល់លុយ ឲ្យតែ ៤,០០០ដុល្លារ ប៉ុណ្ណោះ ដើម្បីយកមកចែកប្រជាពលរដ្ឋ ទាំង១៥៣គ្រួសារ តែពួកគាត់មិនព្រមទទួលយកទេ ហើយរហូតមកដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបាននាំគ្នាមកតវ៉ានៅខាងមុខសាលាឃុំ ដើម្បីទាមទារយកលុយរបបដីភូមិចំនួន ១៨,០០០ដុល្លារ នោះមកវិញ ឲ្យបានដូច១១ភូមិទៀត។
ជុំវិញបញ្ហានេះ លោក ធូរ សេង មេឃុំបារាយណ៍បានអះអាងថា វាមិនមែនដូចប្រជាពលរដ្ឋបានចោទប្រកាន់នោះទេ គឺកាលពីដើមឡើយ លោកមេឃុំបានកោះប្រធានភូមិទាំង១២ មកប្រជុំបែងចែកដីសម្បទាននោះ ឲ្យចំនួន១២ហិចតាក្នុង១ភូមិស្មើៗគ្នា តែលោកមេភូមិអូរសួស្តីនោះ មិនមកទទួលទេ ទើបត្រូវបានភូមិទាំង១១ភូមិនោះទទួលយក ហើយក៏លក់ចែកគ្នាទៅ៕