(មីយ៉ាន់ម៉ា)៖ ក្រុមអ្នកជួយសង្រ្គោះមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍លិចទូក ដឹកអ្នកដំណើរមួយគ្រឿងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានកើនឡើងដល់ ៣២នាក់ និងជាង ១៥០នាក់ត្រូវ បានជួយសង្រ្គោះ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន នៅឡើយ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មានបារំាង Le Figaro នៅយប់ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
លោក Sa Willy Frank អ្នកដឹកនាំក្រុមអ្នកជួយសង្រ្គោះ បានប្រាប់ទៅភ្នាក់ងារសារព័ត៌មានបារំាង AFP ថា «មកទល់នឹងពេលនេះ យើងបានរកឃើញសាកសព មនុស្ស៣២នាក់ រីឯ៦០នាក់នៅបន្តបាត់ខ្លួននៅឡើយ»។ ដោយឡែកបើយោងតាមអ្នកតំណាងរាស្ត្រ ក្នុងទីក្រុង Sagaing លោក Kyaw Htay Lwin ទូកដឹកអ្នកដំណើរ ដែលក្រឡាប់លិចខាងលើអាចផ្ទុកមនុស្សបានត្រឹមតែ១២០នាក់ប៉ុន្តែទូកនេះបែរជាដឹក លើសចំណុះដល់ទៅជាង៣០០នាក់។
គួរបញ្ជាក់ថា ហេតុការណ៍លិចទូកដឹកអ្នកដំណើរនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ នៅម៉ោងប្រមាណជា ៥៖០០នាទីព្រឹក នៅឯទន្លេ Chindwin ក្នុងទីក្រុង Sagaing ស្ថិតនៅចំងាយ១៣៧គីឡូម៉ែត្រពីភាគពាយ័ព្យ ទីក្រុង Mandalay នៃភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា៕