(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ១៥គ្រួសារ លើកដៃសំពះដង្ហោយរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ករណីចោទប្រកាន់មន្ត្រីមានអំណាចបានរំលោភបំពានដីធ្លីចំនួន៣០ហិចតា។ ប្រជាពលរដ្ឋ បញ្ជាក់ថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានកាត់សេចក្ដីឲ្យក្រុមមន្ត្រីមានអំណាចឈ្នះក្តីយ៉ាងអយុត្តិធម៌ជាទីបំផុត ហើយពលរដ្ឋក្រីក្រទាំង១៥គ្រួសារ បានប្តឹងមកសាលាឧទ្ធរណ៍បន្តទៀត ដើម្បីទទួលបានយុត្តិធម៌ពិតប្រាកដ ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានលើកយកសំណុំរឿងនេះ មកបើកសវនាការជំនុំជម្រះសាជាថ្មី ដោយមានលោក ញូង ធុល ជាចៅក្រមជំនុំជម្រះ លោក ប៉ាក ច័ន្ទសំបូរ និង លោកស្រី យ៉េត ម៉ូលីន ជាចៅក្រមប្រឹក្សា ។
ក្រោយការសួរដេញដោលជាច្រើនម៉ោង លោកចៅក្រម ញូង ធុល បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះវិញ ។
ក្រោយដើរចេញពីបន្ទប់សវនាការ ប្រជាពលរដ្ឋក្រីក្រ១៥គ្រួសារ បានប្រមូលផ្ដុំគ្នាមុខស្លាកក្រសួងយុត្តិធម៌ ដើម្បីថ្លែងក្តីឈឺចាប់ដល់ក្រុមអ្នកសារព័ត៌មាន ជាសារពាំនាំដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រី ទេព ចន្ថា អាយុ៦៣ឆ្នាំ ជាតំណាងប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ បានថ្លែងថា មនុស្ស៤នាក់មាន ឈ្មោះ អ៊ឹង លាងស្រ៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ ឈ្មោះ ចាំង តេងពាវ ភេទប្រុស អាយុ៤៦ឆ្នាំ ឈ្មោះ ហង់ សុផៃ ភេទប្រុស អាយុ៣៤ឆ្នាំ និង ឈ្មោះ សៀ ស្រូយ ភេទស្រី អាយុ៤៣ឆ្នាំ បានឃុបឃិតរួមគំនិតស៊ីសំណូកជាមួយអ្នកមានអំណាចរំលោភយកដីធ្លីរបស់ពួកគាត់ចំនួន៣០ហិចតា ដែលមានទីតាំងស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកស្រីតំណាងប្រជាពលរដ្ឋក្រីក្រ បន្តថា ដីចំនួន៣០ហិចតានេះ គឺ ពួកគាត់បានធ្វើពាក្យកាន់កាប់ស្របច្បាប់ ហើយរាជរដ្ឋាភិបាលបានប្រគល់ឲ្យពួកគាត់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ។ ដីនេះ ពួកគាត់បានបង្កបង្កើនផលចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។
លោកស្រីចំណាស់រូបនេះ បានរៀបរាប់ពីដំណើររឿងថា ពលរដ្ឋក្រីក្រទាំង១៥គ្រួសារ បានទទួលដីរបបភូមិនេះចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ។ លុះនៅឆ្នាំ១៩៩៩ ពលរដ្ឋបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីតាមរយៈមេភូមិ ហើយមេភូមិបានចេញពាក្យស្នើសុំកាន់កាប់ដីធ្លី ទើបបញ្ជូនទៅសាលាឃុំដើម្បីសុំហត្ថលេខាបន្ត។ ក្រោយពីចាំយូរៗទៅ ពលរដ្ឋ១៥គ្រួសារ បានស្រាវជ្រាវរកឃើញថា មានការរំលោភយកដីធ្លីពួកគាត់។ ដូច្នេះពលរដ្ឋបានដាក់ពាក្យបណ្ដឹងសាលាស្រុកអូរជ្រៅ ( បច្ចុប្បន្នក្រុងប៉ោយប៉ែត) នៅក្នុងអំឡុងឆ្នាំ២០០០។
រហូតមកដល់ឆ្នាំ២០០៧ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើលិខិតបញ្ជាក់ពីប្រវត្តិដី កំណត់ហេតុអង្កេតដីធ្លី លិខិតបញ្ជាក់ពីសាក្សី ព្រំប្រទល់ និង ពាក្យស្នើសុំកាន់កាប់ដីធ្លី ហើយលិខិតទាំងនេះក៏មានការទទួលស្គាល់ពីមេភូមិឈ្មោះ សោម លន់ ទៀតផង។ ទាំងពាក្យសុំកាន់កាប់ដីធ្លីឆ្នាំ១៩៩៩ ទាំងលិខិតបញ្ជាក់សិទ្ធិលើដីធ្លីឆ្នាំ២០០៧ គឺ ពលរដ្ឋបានស្នើសុំបញ្ជាក់ពីការទទួលស្គាល់ពីមេឃុំកាលពីសម័យនោះ គឺមេឃុំបានពន្យារពេលរហូតដោយយកមូលហេតុផ្សេងៗ ទើបធ្វើឲ្យលិខិតស្នើសុំកាន់កាប់ដីធ្លីរបស់ពលរដ្ឋ១៥គ្រួសារ មិនមានការបញ្ជាក់ពីមេឃុំ។
លោកស្រី ទេព ចន្ថា បន្តថា ទីតាំងដីដែលពលរដ្ឋគ្រប់គ្រង ត្រូវបានគេរំលោភបំពានបង្កជាទំនាស់រហូតដល់បច្ចុប្បន្ន ហើយផ្តើមចេញពីទំនាស់ទៀតសោត ក្រុមមន្ត្រីមានអំណាច បានប្រើប្រាស់គ្រប់មធ្យោបាយក្នុងចេតនាមិនឲ្យពលរដ្ឋទាំងអស់អាចចូលមកកាន់កាប់លើទីតាំងដីដែលភូមិបានចែកមកឲ្យ ដោយពេលខ្លះមានការប្រើប្រាស់កាំភ្លើងទៀតផង។
ជាចុងបញ្ចប់ លោកស្រី ទេព ចន្ថា តំណាងប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ លើកដៃសំពះពីចម្ងាយសូមឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់សុទ្ធតែជាអ្នកស្រឡាញ់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជានិច្ចរហូតមក៕