(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើង ស្រុកប្រាសាទសំបូរ បានអញ្ជើញក្នុងពិធីក្រុងពាលី កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រើង ស្ថិតក្នុងភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
លោកបញ្ជាក់ថា ក្នុងថ្ងៃនេះគឺជាថ្ងៃដ៏ល្អមួយដែលក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើង មានកិត្តិយសនិងសេចក្តីអរក្រៃលែងចំពោះសមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះព្រោះវាជាផ្នែកមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានសំរាប់ឲ្យសមាជិកសមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិឃុំផងដែរ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។
លោកបានថ្លែងអំណរគុណប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំនិង សប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។
លោក ឃឹង នុភាព បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។
គួរបញ្ជាក់ថាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រើង ស្រុកប្រាសាទសំបូរមានទំហំដី ៤៩.៥០ ម៉ែត្រ x ៦៥ ម៉ែត្រ និងស្នាក់ការបក្ស ៩ ម៉ែត្រ x ១២ ម៉ែត្រ និងកម្ពស់ ៦.៥០ ម៉ែត្រ មានបន្ទប់ទឹក១ខ្នង៣បន្ទប់ ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ចាប់ពីថ្ងៃទី២ ខែ មករា រហូតដល់ខែមេសា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាអស់ជិត៣ម៉ឺនដុល្លារ៕