(ភ្នំពេញ)៖ អ្នកឧកញ៉ា គៀន ស្រីនាង ឧត្តមភរិយាលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសបរិច្ចាគថវិកា ៣៥ម៉ឺនដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះ ធ្វើឡើងតបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត។
តាមរយៈសារលិខិតជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានគូសរំលេចថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា នាពេលកន្លងមក។
ដើម្បីបន្តបេសកកម្មមនុស្សធម៌ឥតព្រំដែនរបស់មន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជនមេត្តាបន្តចូលរួមបរិច្ចាគថវិកាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
លោកជំទាវបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបដោយក្ដីមេត្តានេះ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀត។
តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ក៏ដូចជាចូលរួមចំណែកបន្តស្នាមញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ អ្នកឧកញ៉ា គៀន ស្រីនាង រីករាយបរិច្ចាគថវិកា ដើម្បីទ្រទ្រង់ដល់សកម្មភាពសង្គ្រោះរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា តែងតែបានចូលរួមសកម្មភាពមនុស្សធម៌នៅក្នុងសង្គម។ ក្នុងឆ្នាំ២០២៤កន្លងទៅ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបរិច្ចាគថវិកាសរុបប្រមាណ ១លានដុល្លារអាមេរិក ក្នុងសកម្មភាពមនុស្សធម៌សង្គម៕