(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៦គ្រួសារ ស្ថិតក្នុងភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មានប្រសាសន៍នាឱកាសនោះ លោក គួច ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ។

លោក គួច ចំរើន បានបន្ថែមថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះ ស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។ លោកប្រធានសាខា បានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះទាំង៦គ្រួសារ ដែលត្រូវបានភ្លើងឆេះផ្ទះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត គ្រួសារយើងបន្តទៀត។ 

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមខេត្តផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន៖អង្ករ ៥០គីឡូ ,មី១កេស,តង់ធំ១, ទឹកត្រី១យួរ,ទឹកស៊ីអុីវ១យួរ,ទឹកផ្លែឈើ១កេស ,ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារៈប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត និងថវិកា១,០០០,០០០រៀល៕