(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា វិស័យកសិកម្មដែលជាវិស័យអាទិភាពក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាមានវិសាលភាពធំធេង និងទាមទារឲ្យយកចិត្តទុកដាក់លើកត្តាចម្បងជាច្រើន ដើម្បីធ្វើឲ្យវិស័យមួយនេះកាន់តែល្អប្រសើរ។ លោកបានបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍លើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មតែមួយអាចសម្រេចបាន នោះឡើយ គឺទាមទារឲ្យមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធបូករួមទាំងវិស័យឯកជនផងដែរ។

លោក វេង សាខុន បានថ្លែងដូច្នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក Joop Stoutjesdijk តំណាងធនាគារពិភពលោកនៅ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីពិគ្រោះយោបល់យុទ្ធសាស្រ្តសម្រាប់វិស័យធារាសាស្រ្តកម្ពុជា។

ក្នុងជំនួបនេះលោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងថា ធារាសាស្រ្តជាវិស័យដ៏សំខាន់ ក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជាឲ្យមានភាពជឿនលឿន និងបង្កើនផលិតភាពកសិកម្ម។ លោករដ្ឋមន្រ្តីបន្តថា វិស័យកសិកម្មនៅកម្ពុជាមានសភាពទូលំទូលាយ ហើយទាមទារឲ្យមានការរៀបចំប្រព័ន្ធធារាសាស្រ្ត និងមានផែនការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការជំរុញកំណើនវិស័យកសិកម្ម។

លោក Joop Stoutjesdijk ដែលជាវិស្វករនាំមុខផ្នែកធារាសាស្រ្ត នៃធនាគារពិភពលោក បានលើកបង្ហាញពីលទ្ធផលនៃការចុះសិក្សា ស្ថានភាពប្រព័ន្ធធារាសាស្រ្តខ្នាតតូច មធ្យម និងខ្នាតធំ នៅតំបន់ជុំវិញបឹងទន្លេសាប។

លោកបានបញ្ជាក់ថា ប្រព័ន្ធដែលលោកបានចុះពិនិត្យនោះ មានសក្តានុពលខុសៗគ្នា ហើយបច្ចុប្បន្នស្ថានភាពនៃការគ្រប់គ្រងប្រព័ន្ធទាំងនោះ ទាមទារឲ្យមានការសហការរវាងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។ លោកបានបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម អាចសហការគ្នាក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងមធ្យម ដោយធ្វើការផ្ទេរការគ្រប់គ្រងប្រព័ន្ធខ្នាតតូចទៅថ្នាក់មូលដ្ឋាន ជាពិសេសកសិករ ឬសហគមន៍។

វិស្វករធារាសាស្រ្ត នៃធនាគារពិភពលោករូបនេះ បានលើកឡើងថា ប្រព័ន្ធធារាសាស្រ្តខ្នាតធំ គឺមានលក្ខណៈធំធេង និងមានភាពស្មុគ្រស្មាញ ដូច្នេះនាពេលអនាគតរាជរដ្ឋាភិបាលគួរពិចារណា សហការជាមួយវិស័យឯកជន ក្នុងការគ្រប់គ្រងប្រព័ន្ធខ្នាតធំទាំងនោះ ដើម្បីធានាប្រសិទ្ធភាពក្នុងកិច្ចដំណើរការប្រព័ន្ធ និង មាននិរន្តភាព។

ឆ្លើយតបការលើកឡើងរបស់លោក Joop Stoutjesdijk នេះ លោករដ្ឋមន្រ្តីបានថ្លែងថា ការសហការនេះជាកត្តាចាំបាច់មួយ ដែលជាឱកាសសម្រាប់វិស័យឯកជនក្នុងការវិនិយោគលើវិស័យកសិកម្ម ដើម្បីធានានូវគុណភាព និងបរិមាណនៃផលិតផលកសិកម្ម សម្រាប់បំពេញតម្រូវការទីផ្សារ ហើយវិស័យឯកជនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរការគ្រប់គ្រង និងបែងចែកប្រព័ន្ធទាំងនោះបានល្អ ព្រោះថាវិស័យឯកជនអាចមានលទ្ធភាពក្នុងការប្រើប្រាស់ និងចាត់ចែងធនធានមនុស្សបានគ្រប់គ្រាន់។

ន្ទឹមនឹងនេះ ចំពោះការគ្រប់គ្រងប្រព័ន្ធខ្នាតតូច និងមធ្យម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបំណងសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម ជំរុញការសហការរវាងសហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម ដើម្បីឈានទៅធ្វើការគ្រប់គ្រងនូវប្រព័ន្ធទាំងនោះ ប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីក៏បានណែនាំ ឲ្យជំនាញការរបស់ធនាគារពិភពលោក គិតគូរពីការរៀបចំបែងចែកតំបន់ទៅតាមស្ថានភាព និងសក្តានុពលទឹក និងដី ដើម្បីឈានទៅធ្វើការគ្រប់គ្រងផែនការដាំដុះឲ្យកាន់តែមានសុក្រិតភាព និងអាចឆ្លើយតបទៅតាមតំរូវការទីផ្សារ៕