(ភ្នំពេញ)៖ លោក ម៉ាខល វ៉ាន់ឌីន (Jesse McCaul) ជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយពុំទទួលប្រាក់បំណាច់មុខងារ ក្រោយពីបានខិតខំជួយលើកតម្កើងកិត្តិយសខ្មែរ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ។
លោក Jesse McCaul គឺជាជនបរទេសមួយរូប ដែលតែងតែខិតខំជួយផ្សព្វផ្សាយរឿងល្អៗពីកម្ពុជា ជាពិសេសតំបន់ទេសចរណ៍ និងវប្បធម៌ប្រពៃណីជាតិ ព្រមទាំងផលិតវិដេអូលើកទឹកចិត្ត នៅលើ Facebook របស់លោកផ្ទាល់ ដែលមានអ្នកតាមដាន (Follower) ចំនួន ១៤០ ០០០នាក់ និងលើ TikTok ដែលមានអ្នកតាមដានជាង ៣៦០ ០០០នាក់ ដែលគណនីទាំងនោះមានឈ្មោះថា Jesse McCaul ។
លោកJesse McCaul ក្នុងវិដេអូមួយដែលមានអ្នកទស្សនាជាច្រើននាក់ បាននិយាយសរសើរពីសិល្បៈខ្មែរ ដែលស្ថិតនៅក្នុងជម្រៅចិត្តរបស់ពលរដ្ឋខ្មែរ ទោះឆ្លងកាត់របបខ្មែរក្រហមដ៏ព្រៃផ្សៃយ៉ាងណា ក៏មិនបាត់បង់ដែរ ហើយលោកក៏បានលើករឿងដែលតារាចម្រៀង វ៉ាន់ដា ឡើងច្រៀងពេលបិទកម្មវិធីអូឡាំពិត នៅក្រុងប៉ារីស នាកន្លងទៅ ដោយចាត់ទុកថា នេះហើយជាការរស់ឡើងវិញរបស់សិល្បៈខ្មែរ។ លោកក៏បានលើកឡើងថា វិស័យសិល្បៈ គឺជាទេពកោសល្យប្រចាំជាតិសាសន៍របស់យើង តាំងពីបុរាណកាលមក ហើយវាស្ថិតក្នុងបេះដូងរបស់យើង នៅក្នុងជម្រៅចិត្តរបស់យើង ដែលយើងគួរតែគាំទ្រ និងមានមោទនភាព។
មិនតែប៉ុណ្ណោះ មានវិដេអូជាច្រើនទៀត ដែលលោកJesse បានផលិតឡើង ដើម្បីលើកពីតម្លៃខ្មែរ និងជំរុញឲ្យស្រលាញ់ខ្មែរ។ ជាក់ស្តែង កាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លោកបានផ្តល់គំនិត និងជំរុញឲ្យពលរដ្ឋខ្មែរគាំទ្រជាតិគ្រប់បែបយ៉ាង ទៅតាមលទ្ធភាព ដែលអាចគាំទ្របាន ជាពិសេសគាំទ្រអត្តពលិក ហើយចេះគោរពស្រលាញ់ភ្ញៀវ ដោយមានទឹកមុខរាក់ទាក់ជានិច្ច ដែលលោកចាត់ទុកថា នេះជាការគាំទ្រដ៏ល្អតាមរបៀបបែបបទរបស់ខ្មែរ។
លោក Jesse McCaul ជាបុគ្គលដែលមានគំនិត មាយាទ និងសីលធម៌ល្អ ហើយពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយឡើយ។ លោកJesse McCaul ថែមទាំងចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរ ទៀតផង។
សូមជម្រាបថា ព្រោះតែបុគ្គលិកលក្ខណៈដ៏ល្អប្រពៃ ថ្លៃថ្នូរ មានទឹកចិត្តស្រលាញ់ប្រទេសកម្ពុជាអស់ពីចិត្ត រស់នៅកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ និងបានរួមចំណែកបើកអាជីវកម្ម ទាំងនាំអ្នកវិនិយោគជាច្រើនពីក្រៅប្រទេសមកវិនិយោគនៅស្រុកខ្មែរយើង ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ លោក Jesse McCaul ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រទានសញ្ជាតិខ្មែរ កាលពីឆ្នាំ២០២៣រួចមកហើយដែរ៕