(ភ្នំពេញ)៖ ក្រុមជ្រុលនិយម បានព្យាយាមបំប៉ោងឧប្បទ្ទវហេតុមួយ ដែលកើតឡើងក្នុងឱកាសឆ្លង ដំណាច់ឆ្នាំសកលចាស់ ចង់បង្កើតជាព្រឹត្តិការណ៍អុជអាលឱ្យខ្មែរសង្ស័យឈ្លោះប្រកែកគ្នា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា «ក្រុមជ្រុលនិយម សូមកុំយកតម្លៃនៃការគោរពសីលធម៌ និងវប្ប ធម៌របស់ជាតិខ្មែរ ទៅជាន់ឈ្លីឱ្យសោះ!»

នៅពេលឆ្លងឆ្នាំសកល២០២៤ ឈានចូលឆ្នាំ២០២៥ មានឧប្បទ្ទវហេតុមួយបានកើតឡើង ដោយសារតែមានការឆេះព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ វេលាម៉ោងជាង១២យប់នៃកណ្តាលអាធ្រាត្របានកន្លងផុត។ ខណៈអ្នកលេងបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន បាននាំគ្នាបង្ហោះស្នើពលរដ្ឋខ្មែរ សូមមេត្តាកុំឱ្យផ្សាយនូវព្រឹត្តិការណ៍នោះជាមួយនឹងឱវាទ «មេត្តារក្សាភាពស្ងប់ស្ងៀម ដើម្បីមុខមាត់ជាតិយើង និងក្រោមម្លប់ព្រះតេជៈនៃអង្គព្រះមហាក្សត្រ» នោះ គេសង្កេតឃើញថាមានអ្នកដែលប្រណិបតន៍ស្តាប់ឱវាទទូន្មាន មិនបានផ្សាយអំពីព្រឹត្តិការណ៍នោះឡើយ ដោយភ្លាមៗនោះប្រជារាស្ត្រស្ទើរពេញនគរបានលុបចេញក្រោយការផ្សាយតាមបណ្តាញសង្គម និងអ្នកមិនទាន់ផ្សាយក៏បញ្ឈប់ការផ្សាយ ប៉ុន្តែក៏មានក្រុមខ្លះបានផ្សព្វផ្សាយ និងថែមទាំងប្រើប្រាស់ឧប្បទ្ទវហេតុនោះ ប៉ុនប៉ងធ្វើអាជីវកម្មនយោបាយ ដោយការនិយាយចង់ដុតបញ្ឆេះកំហឹងដល់ប្រជាពលរដ្ឋខ្មែរថែមទៀត។

ខណៈពលរដ្ឋភាគច្រើន បានត្រងត្រាប់ស្តាប់នូវដំបូន្មានណែនាំរបស់អ្នកលេងបណ្តាញសង្គមនានា ក្រុមធ្វើនយោបាយ ជ្រុលនិយម បែរជាបង្ហាញក្តីខឹងសម្បារ និងចោទថាមានអំពើរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌ មាន និងពួកគេបានបន្តនិយាយអុជអាល ដែលហួសពីអ្វីនៃទំហំព័ត៌មានពិត ដើម្បីចង់ស្វែងរក កំហុសទម្លាក់ការចោទប្រកាន់ដាក់មកលើរាជរដ្ឋាភិបាល ដែលបំណងតែមួយគត់របស់ពួក គេនោះ គឺការចង់តែឱ្យប្រទេសដែលមានពលរដ្ឋរួបរួមគ្នាក្រោមដំបូលនៃព្រះរាជាណាចក្រ កម្ពុជានេះ មានការបែកបាក់គ្នាតែប៉ុណ្ណោះ។

ឧប្បទ្ទវហេតុវេលាឆ្លងអាធ្រាត្រឈានចូលថ្ងៃទី១ មករា ឆ្នាំ២០២៥ គឺជាហេតុការណ៍ដ៏ចៃដន្យមួយ ដែលមានការបារម្ភប៉ះពាល់ដល់តម្លៃវប្បធម៌ និងការគោរពអង្គព្រះមហាក្សត្រខ្មែរជាទី គោរពសក្ការៈ ដែលព្រះអង្គ គឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ប៉ុន្តែមនុស្សមួយក្រុម ក្នុងនោះរួមមានមួយក្តាប់តូចជាក្រុមជ្រុលនិយម បានឆ្លៀតឱកាសយក ឧប្បទ្ទវហេតុនោះ និយាយបំផ្លើស និងបំភ្លៃសភាពការណ៍ ក្នុងបំណងចង់ឱ្យគ្រោះថ្នាក់នៃហេតុ ការណ៍ដោយចៃដន្យនោះ បង្កើតជារឿងឱ្យជាតិខ្មែរបែកបាក់គ្នា តាមការលើកហេតុផលនេះ ហេតុផលនោះ លើសពីទំហំផ្សាយ នៃវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ខណៈដែលការស្រាវជ្រាវរបស់អាជ្ញាធរ នៅមិនទាន់បានប្រកាសជាផ្លូវការថា តើឧប្បទ្ទវហេតុនោះបណ្តាលមកពីអ្វីណាមួយនៅឡើយនោះទេ។

• ការគោរពចំពោះសិទ្ធិអំណាច និងតម្លៃវប្បធម៌

នៅក្នុងវប្បធម៌ជាច្រើន ជាពិសេសអ្នកដែលមានទំនៀមទម្លាប់រឹងមាំនៃប្រទេសប្រកាន់រាជាធិបតេយ្យនិយម ការគោរពដំបូន្មាន ឬបំណងប្រាថ្នារបស់ព្រះមហាក្សត្រ ឬរបស់អ្នកចាស់ទុំ គឺបានចាក់ឫសយ៉ាងជ្រៅទៅក្នុងបទដ្ឋានសង្គម។ ប្រសិនបើដំបូន្មាន ចេញពីកម្រិតចាស់ទុំជាន់ខ្ពស់ ឬក្នុងនាមជាព្រឹទ្ធាចារ្យដែលមានការគោរពខ្ពស់បំផុតក្នុងប្រទេសកម្ពុជានោះ ដំបូន្មានឬ ការស្នើសុំរកការអត់ធ្មត់នៅក្នុងការរាយការណ៍ ឬថតរូបក្នុងឧប្បទ្ទវហេតុដ៏រសើបពិតជានឹង ត្រូវបានពលរដ្ឋធ្វើទៅតាមសំណើ ដែលប្រការស្តាប់ចាស់ទុំជាព្រឹទ្ធាចារ្យនោះ អាចត្រូវបានគេមើលឃើញថា គឺជាទង្វើនៃការគោរព និងភាពស្មោះត្រង់។

• ហេតុអ្វីបានជាការប្រណិបតន៍តាមនេះ អាចជាភាពត្រឹមត្រូវ?

ក្នុងបរិបទវប្បធម៌របស់សង្គមខ្មែរ ដែលប្រកាន់នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ព្រះអង្គគង់ជាកំពូល និងជានិមិត្តសញ្ញានៃការឯកភាពជាតិ និងនិរន្តរភាពជាតិ។ ដូច្នេះការគោរពនិងប្រណិបតន៍តាមឱវាទដើម្បីអង្គព្រះមហាក្សត្រជាទីគោរពនិងសក្ការៈ គឺជា សីលធម៌និងវប្បធម៌របស់ជាតិដើម្បីព្រះរាជាណាចក្រកម្ពុជាបន្តរក្សាបាននូវភាពសុខដុមរមនារបស់ខ្លួនក្នុងសង្គម។ ក្នុងជំពូកទី២នៃរដ្ឋធម្មនុញ្ញ មាន២៤មាត្រា ដែលចែងអំពីជំពូក ព្រះមហា ក្សត្រ គឺចាប់ពីមាត្រា៧ដល់មាត្រា៣០។

មាត្រា៧ បានចែងថាព្រះអង្គជាក្សត្រមិនអាចនរណាមករំលោភបំពានបានឡើយ ថ្វីបើព្រះអង្គ មិនកាន់អំណាច។ មាត្រា៨ នៃរដ្ឋធម្មនុញ្ញកម្ពុជាកំណត់ថា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់ ជាព្រះប្រមុខរដ្ឋមួយជីវិត ហើយព្រះអង្គ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ មាត្រា៨ដដែលចែងទៀតថា ព្រះអង្គទ្រង់ធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ជាអ្នកធានាគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។

ដូច្នេះបើសិនជាមានឧប្បទ្ទវហេតុអ្វីមួយដែលបង្កនូវរូបភាពមិនល្អប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ គឺជាកាតព្វកិច្ចរបស់ខ្មែរគ្រប់រូបក្នុងការប្រណិបតន៍តាមព្រះដំបូន្មាន និងឱវាទក្រោម ម្លប់របស់អង្គព្រះមហាក្សត្រខ្មែរ។

ហេតុដូច្នេះហើយ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលរស់នៅក្រោមម្លប់សន្តិភាព និងក្រោមដំបូលរដ្ឋធម្មនុញ្ញ គេបានត្រងត្រាប់ស្តាប់នូវសំណើរបស់ក្រសួងព្រះបរមរាជវាំង ហើយការប្រណិតបតន៍តាមនោះ មិនមែនជាការបិទបាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិឡើយ ពីព្រោះការផ្សាយខ្លះអំពីឧប្បទ្ទវហេតុនេះ ត្រូវគេឃើញថាវាមានជាធម្មតាទេក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែការផ្សាយគឺមិនត្រូវមានលក្ខណៈនិយាយលើសពីការពិត និងមានភាពប្រើសម្តីអុជអាលចង់ឱ្យមានឈ្នួនផ្ទុះកំហឹងឡើយ។

• ឥទ្ធិពលនៃការទប់ស្កាត់ព័ត៌មានអុជអាល

ការជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលនិយាយចាក់ដោត នឹងអាចជួយរារាំងមិនឱ្យមានភាពតានតឹង ឬការសាបព្រួសភាពបែកបាក់នៅក្នុងប្រទេស ជាពិសេសប្រសិនបើព័ត៌មាន នោះទៀត អាចនឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងនយោបាយថែមទៀតនោះ។ ក្រោយឧប្បទ្ទវហេតុក្រោយពេលឆ្លងឆ្នាំ បានកើតឡើងភ្លាមៗនោះ ការផ្សាយខ្លះត្រូវគេឃើញថា បានកើតឡើង ប៉ុន្តែត្រូវបានបញ្ឈប់ទៅវិញដោយសារការត្រងត្រាប់នូវដំបូន្មានរបស់ក្រសួងព្រះបរមរាជវាំង ជាមួយនឹងការយល់ដឹងដ៏ទូលំទូលាយរបស់ពលរដ្ឋខ្មែរក្នុងសង្គមវប្បធម៌ស៊ីវីល័យ។ ប៉ុន្តែគ្រាដែលមានការទទួលស្តាប់ដំបូន្មានពីកម្រិតក្រសួងព្រះបរមរាជវាំង ដែលត្រូវបានគេចាត់ទុកថា ជាកម្រិតនៃភាពចាស់ទុំ និងជាព្រឹទ្ធាចារ្យដ៏គួរឱ្យកោតគោរពនោះ បែរជាធ្វើឱ្យក្រុមជ្រុលនិយម ខឹងច្រឡោតទៅវិញជាមួយការចោទថាបានបំពានសិទ្ធិសេរីភាពបញ្ចេញមតិសារព័ត៌មាន។

សំណួរមួយនោះគឺថា ហេតុអ្វីបានជាក្រុមជ្រុលនិយមប្រើប្រាស់វេហាសាស្ត្រអុជអាលរបស់ខ្លួន ធ្វើការដាក់គាបសង្កត់មកលើសេរីភាពនៃការស្តាប់បង្គាប់ឱវាទចាស់ទុំ ដែលមានតម្លៃគួរឱ្យកោតគោរពលើសីលធម៌ និងវប្បធម៌របស់ជាតិនោះ?

• ទំនួលខុសត្រូវខាងសីលធម៌

តាមពិតការគោរពតាមបំណងប្រាថ្នារបស់អ្នកចាស់ទុំ ដែលគួរឱ្យគោរពដូចជាព្រះបរមរាជវាំង ជាដើម គឺជាកាយវិការស្របតាមតម្លៃសីលធម៌នៃការគោរព និងការដឹងគុណចំពោះភាពជាអ្នកដឹកនាំ និងឱវាទណែនាំ។ ហើយនេះមិនមែនជាការដែលចាត់ទុកថាបានរារាំងតម្លាភាពនិងសិទ្ធិបញ្ចេញមតិដោយសេរីឡើយ ពីព្រោះតម្លៃសីលធម៌និងវប្បធម៌ខ្មែរដែលគោរពចាស់ទុំ ត្រូវបានវិលត្រឡប់មកវិញដូចអ្វី ដែលចាស់បុរាណខ្មែរតែងប្រដៅទូន្មានកូនចៅតាំងពីបុរមបុរាណរៀងនោះមក។

• សេរីភាពនៃព័ត៌មាន

ប្រជាពលរដ្ឋ មានសិទ្ធិដឹងអំពីព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសព័ត៌មានណាដែលមានផលប៉ះពាល់ផ្នែកនយោបាយ ឬសង្គម ប៉ុន្តែព័ត៌មានដែលសរសេរក្នុងភាពអុជអាល ឬញុះញង់នូវសម្តីបញ្ឆេះអុជអាល ចង់បង្កឱ្យប្រទេសដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី មិនត្រូវបានចាត់ទុកថាវាជាសេរីភាពនៃព័ត៌មានសមស្របក្នុងគន្លងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សយោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិឡើយ។

មាត្រា៤១នៃរដ្ឋធម្មនុញ្ញ បានចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិ របស់ខ្លួន, សេរីភាពខាងសារព័ត៌មាន, សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រ ជុំ»។ មាត្រា៤១ដដែលបន្តថាប៉ុន្តែ «ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះ ពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»។ ដូច្នេះសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានកំណត់នៅក្នុងច្បាប់ទាំងអស់ ដែលវាមិនមែនជាសេរីភាពដាច់បង្ហៀរឡើយ។

បទពិសោធន៍ឆ្លងកាត់សង្គ្រាមជិត៣០ឆ្នាំ ដែលញុះញង់ឱ្យមានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្វើឱ្យពលរដ្ឋខ្មែរស្លាប់មនុស្សអស់ច្រើនលាននាក់ និងបាននាំសង្គមកម្ពុជាធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបកាប់សម្លាប់រង្គាលខ្មែរគ្នាឯង និងអំពើញុះញង់នោះហើយ ដែលកូនខ្មែរក្នុងសម័យបច្ចុប្បន្នត្រូវចៀសវាងដាច់ខាតមិនឱ្យប្រទេសជាតិរបស់ខ្លួន ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីទៀតឡើយ បើទោះបីក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។

• តើមានហេតុការណ៍អ្វីខ្លះលើពិភពលោកក្នុងពេលមានដំណាច់ឆ្នាំសកលឈានចូលឆ្នាំ២០២៥?

ឆ្នាំ២០២៤ បានកន្លងផុតនិងឆ្នាំ២០២៥ បានឈានមកដល់ជាមួយនឹងហេតុការណ៍នានា ទាំងឡាយបានកើតឡើងនៅលើពិភពលោក។ នៅក្នុងប្រទេសអាល្លឺម៉ង់ ការបាញ់កាំជ្រួចនៅមួយថ្ងៃមុនដំណាច់ឆ្នាំសកល បានបណ្តាលឱ្យមានមនុស្ស៥នាក់បានស្លាប់នៅ Paderborn, នៅ Oschatz, នៅ Hamburg និងនៅ Kremmen។ នៅក្នុងប្រទេសអាល្លឺម៉ង់ដដែលនោះ ភាពប៉ះទង្គិចគ្នាដោយហិង្សា បានធ្វើឱ្យមនុស្សច្រើនសិបនាក់រងរបួស ក្នុងនោះក៏មានប៉ូលីសអាល្លឺម៉ង់ដែរ។

អាជ្ញាធរអាល្លឺម៉ង់ បានចាប់ជនសង្ស័យប្រមាណ៤០០នាក់ ដែលពាក់ព័ន្ធនឹងការវាយប៉ូលីសរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចនាថ្ងៃចុងដំណាច់ឆ្នាំសកលនោះ។ គេបានកត់សម្គាល់ថា ព័ត៌មានចុះផ្សាយរបស់អាល្លឺម៉ង់ បានធ្វើក្នុងរង្វង់ទំហំនៃការផ្សាយអំពី ហេតុការណ៍ដែលកើតឡើងតែប៉ុណ្ណោះ ដោយមិនមានការអុជបញ្ឆេះនូវសម្តីញុះញង់ដូចអ្វី ដែលក្រុមជ្រុលនិយមខ្មែរ បាននិយាយពាក់ព័ន្ធនឹងឧប្បទ្ទវហេតុឆ្លងឆ្នាំសកលនៅកម្ពុជានេះឡើយ។

នៅក្នុងសហរដ្ឋអាមេរិកនោះវិញក្នុងក្រុង New Orleans នៃរដ្ឋ Louisiana ក្នុងអម្លុងពេល ប្រារព្ធទិវាដំណាច់ឆ្នាំសកលនោះ ការវាយប្រហារមួយដោយយានជំនិះបានបណ្តាលឱ្យ មនុស្ស ១៥នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀតរងរបួស។ ខណៈអំពើវាយប្រហារនោះ ត្រូវបានគេសង្ស័យថាជាអំពើភេរវកម្ម ការផ្សាយនូវហេតុការណ៍ប៉ះទង្គិចតាមកាសែតអាមេរិកកាំង មិនបានផ្សាយនូវសម្តីញុះញង់ផ្លែផ្កាចង់បង្កហេតុដូចអ្វីដែលក្រុមជ្រុលនិយមខ្មែរ បានធ្វើអំពីករណីហេតុការណ៍ដំណាច់ឆ្នាំសកល២០២៤នៅកម្ពុជានេះទេ។

នៅមានព្រឹត្តិការណ៍កើតឡើងមួយចំនួនទៀត ក្នុងដំណាច់សកល២០២៤នេះ តាមប្រទេសមួយចំនួន ប៉ុន្តែការកត់សម្គាល់នោះ គឺការផ្សាយព័ត៌មានជាអន្តរជាតិតាមរយៈសារព័ត៌មាន វិជ្ជាជីវៈដូចជា CNN, BBC AFP Reuters AP ជាដើម មិនមានលក្ខណៈបែបជ្រុលនិយម និយាយបំប៉ោងសភាពការណ៍ដើម្បីចង់ឱ្យប្រទេសកម្ពុជាខ្លួនឯងធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមឡើយ។

យើងបានមើលឃើញច្បាស់លាស់ហើយថា ក្រុមជ្រុលនិយម កំពុងតែចង់បញ្ឆេះព័ត៌មាននៃ ឧប្បទ្ទវហេតុឆេះព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រខ្មែរ ជាព័ត៌មានញុះញង់ ចោទប្រកាន់ឱ្យមានការបែកបាក់គ្នាក្នុងសង្គម តាមរយៈការលើកនៃជំនឿផ្សេងៗ ដែលគ្មានមូលដ្ឋាននិងគ្មានការពិត ដើម្បីតែការរកឆ្នួនចង់ដុតកំសួលកំហឹងឱ្យផ្ទុះឡើងតែប៉ុណ្ណោះ។ ការដែលមានពលរដ្ឋខ្មែរ គោរពនិងប្រណិបតន៍តាមការស្នើសុំរបស់ព្រះបរមរាជវាំង គឺជាកាយវិការនៃការគោរពតម្លៃសីលធម៌ និងវប្បធម៌ខ្មែរ ពីព្រោះវាជាភាពស្មោះត្រង់របស់ខ្មែរទាំងអស់គ្នាក្នុងការរួមគ្នាចូលរួមទប់ស្កាត់ទង្វើប្រើប្រាស់ព័ត៌មាននៃវេហាសាស្ត្រអុជអាលចង់បញ្ឆេះជាតិឱ្យធ្លាក់ចូលក្នុងភាពចលាចលនយោបាយសាជាថ្មី។

ក្រុមធ្វើនយោបាយជ្រុលនិយម ត្រូវចងចាំថាការគោរពចំពោះដំបូន្មានរបស់កូនខ្មែរចំពោះ ឱវាទមនុស្សចាស់ទុំ ដូចជាសំណើរបស់ក្រសួងព្រះបរមរាជវាំង គឺជាទង្វើដ៏មានសារៈសំខាន់ខ្លាំងណាស់។ បើក្រុមជ្រុលនិយម មិនបានជួយផ្តល់តម្លៃនៃការគោរពសីលធម៌និងវប្បធម៌ របស់ជាតិសាសន៍ខ្លួនឯង ចូរអ្នកកុំយកតម្លៃនៃការគោរពសីលធម៌និងវប្បធម៌របស់យើងជា ខ្មែរទៅជាន់ឈ្លីឱ្យសោះ។ កូនខ្មែរក្នុងសម័យបរិវត្តកម្មសម័យឌីជីថល មិនមែនចេះតែជឿលើសម្តីគ្មានសីលធម៌ដូចក្រុមអ្នកចង់បញ្ឆេះកំហឹងជាតិនោះឡើយ៕