(ស្វាយរៀង)៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៃពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀង មានភ្ញៀវជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត និងទស្សនា នៅតាមរមណីយដ្ឋានធម្មជាតិ រម្មណីយ៏កែឆ្នៃ ព្រមទាំងស្នាក់នៅក្នុងខេត្តមានចំនួន១៩០៥២នាក់។
លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ថា ការដែលភ្ញៀវ និងពលរដ្ឋចូលមកលេងច្រើននៅឆ្នាំនេះដោយខេត្តស្វាយរៀង បច្ចុប្បន្ន មានទីតាំងកែច្នៃ បន្ថែមជាច្រើនកន្លែង ក្រៅតែពី បុព្វបរុសបានបន្សល់ទុករម្មណីដ្ឋាន និងប្រាង្គប្រាសាទ ព្រៃបាសាក់មួយកន្លែង ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងប្រាង្គប្រាសាទជីហោ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក សម្រាប់ផ្តល់ឲ្យពលរដ្ឋ និងភ្ញៀវ ពិសេសយុវជនចូលទស្សនា សិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្រទឹកដីរបស់ខេត្ត។
លោកបានបន្តថា ក្នុងអំឡុងភ្ញៀវជាតិ និងអន្តរជាតិចូលមកលេងកំសាន្តក្នុងខេត្ត នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ហាងលក់ម្ហូបអាហារ មិនមានការតម្លើងថ្លៃសេវាទាំងនោះទេ ខណៈដែលសន្តិសុខត្រូវបានធានាសុវត្ថិភាព ទាំងការដើរកំសាន្ត និងស្នាក់នៅផងដែរ៕