(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យលើករណីប្ដឹងជំទាស់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរឃុំ ស្រុក នឹងមន្រ្តីពាក់ព័ន្ធត្រូវពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀត។

អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញដែលទាមទារឲ្យអាជ្ញាធររួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ នឹងរួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលកើតមានឡើង ក្នុងមូលដ្ឋានឲ្យបានទាន់ ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធអោយបានឆាប់រហ័ស ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោក វ៉ី សំណាង បានបញ្ជាក់ថា នៅពេលដែលមូលដ្ឋានរបស់យើងគ្មានបញ្ហាទំនាស់ដីធ្លីកើតឡើងវា និងធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ ពិសេសលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕