(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ និងសូមទទូចឲ្យយុវជនទាំងអស់ធ្វើជាក្មេងល្អសម្រាប់សង្គមជាតិ និងចាកចេញពីអំពើអបាយមុខផ្សេងៗ។
តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ»។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។ លោកបានអំពាវនាវទៅកាន់យុវជនទាំងឡាយ សូមឲ្យលះបង់ និងចាកចេញឲ្យឆ្ងាយពីអ្វីដែលសង្គមជាតិ និងប្រជាពលរដ្ឋមិនគាំទ្រ ជាពិសេសស្វែងយល់ពីទង្វើរបស់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាក្មេងល្អ យុវជនល្អ កូនល្អ សិស្សល្អចាប់ពីថ្ងៃនេះទៅ។
ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ លោកបន្តថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕