(បន្ទាយមានជ័យ)៖ ក្រុមចោរប្លន់មួយក្រុមចំនួន៤នាក់ ក្នុងចំណោមបក្ខពួកចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿងរបស់ជនរងគ្រោះ នៅវេលាម៉ោង៤ ទាបភ្លឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកបានទទួលព័ត៌មាន ពីឈ្មោះ អាន់ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ តាកាំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ថាមានក្រុមចោរមួយក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញតាមម៉ូតូរបស់ខ្លួន ពេលដែលជនរងគ្រោះ និងមិត្តភក្តិបានធ្វើដំណើរចេញពីកន្លែងធ្វើការងារនៅក្រុងប៉ោយប៉ែត ឆ្ពោះទៅលេងស្រុកកំណើត នៅខេត្តសៀមរាប លុះមកដល់ចំណុចកើតហេតុ ក្រុងសិរីសោភ័ណ ពេលជិះទទឹមគ្នាស្រាប់តែក្រុមចោរធាក់ប្លន់យកម៉ូតូខ្លួនយកទៅបាត់។
នៅពេលទទួលបានព័ត៌មានហើយ លោកបានដឹកនាំកម្លាំងអាវុធហត្ថមួយក្រុម សហការជាមួយកម្លាំងអាវុធហត្ថប៉ោយប៉ែត ចុះដល់ចំណុចមុខអគារកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៤នាក់ យកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។
ជនសង្ស័យទាំង៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ ចំណាប់ សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ យិន សុពីន ភេទប្រុស អាយុ១៨ឆ្នាំ
*ទី៣៖ ឈ្មោះ ជាតិ មិញប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ
*ទី៤៖ ឈ្មោះ ប្រុស ឆវិន ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យរស់នៅក្រុងសិរីសោភ័ណ។
ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានដកហូតម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AN-4741 ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បិតតែមឆ្នាំ២០២២ ដែលមធ្យោបាយប្រព្រឹត្តបទល្មើស។ ចំណែកឯបក្ខពួកចំនួន២នាក់ទៀតបានរត់គេចខ្លួន។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ពេលសួរចម្លើយចប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ទី១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយ ហើយបក្សពួក២នាក់ទៀតកម្លាំងអាវុធហត្ថកំពង់ស្វែងរកចាប់បន្ត៕